សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ថវិកាចំនួន ១០ ម៉ឺនដុល្លារ ជាជំនួយមនុស្សធម៌បន្ទាន់ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងឆ្លើយតបនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ការិយាល័យជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ កំពុងធ្វើជាដៃគូជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយបន្ទាន់ដល់ប្រជាជនរងគ្រោះដោយទឹកជំនន់។
សូមជម្រាបថាទីភ្នាក់ងារ USAID បានផ្តល់ថវិកាជាង ៧ លានដុល្លារសហរដ្ឋអាមេរិកក្នុងការឆ្លើយតបគ្រោះមហន្តរាយការត្រៀមរៀបចំនិងជំនួយកាត់បន្ថយហានិភ័យនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០០ ។ បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា រហូតមកដល់ពេលនេះទឹកជំនន់នៅកម្ពុជាបានបណ្តាលឱ្យមនុស្ស ១៨ នាក់ស្លាប់ រួមទាំងកុមារ ៨ នាក់ និងបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ២៥,១៩២ នាក់។

គួរបញ្ជាក់ផងដែរថា ភ្លៀងដែលបណ្តាលមកពីព្យុះត្រូពិកបង្កឱ្យមានទឹកជំនន់នៅក្នុងខេត្ត-ក្រុងចំនួន ១៩ ក្នុងចំណោម ២៥ រាជធានី-ខេត្ត ចាប់តាំងពីដើមខែនេះមក។ ជាក់ស្ដែងខេត្តដែលរងគ្រោះខ្លាំងជាងគេរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបងបន្ទាយមានជ័យ និងកណ្តាល ក៏ដូចជាតំបន់ជាយក្រុងភាគនិរតីនៃរាជធានីភ្នំពេញ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


