កម្ពុជាកំពុងពង្រឹងវិស័យទាំងនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
សេដ្ឋកិច្ច October 20, 2020 Chan Sreyny

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាកំពុងពង្រឹងវិស័យកសិកម្ម-កសិឧស្សាហកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្ថានភាពដែលប្រទេសជាតិ និងពិភពលោកកំពុងរងវិបត្តិជំងឺកូវីត-១៩ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុករបស់សម្តេចនាថ្ងៃទី១៩ ខែតុលានេះថា នៅក្នុងពេលដែលវិបត្តិជំងឺកូវីត-១៩ កំពុងឆ្លងរាតត្បាតពិភពលោកគឺបានធ្វើឱ្យប៉ះពាល់ដល់វិស័យមួយចំនួន ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា។

សម្តេចតេជោបញ្ជាក់ថា ជាយន្តការរបស់រាជរដ្ឋាភិបាលត្រូវប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសនៃការវិនិយោគក៏ដូចជាការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មបន្ថែមទៀត ដើម្បីគោលដៅអភិវឌ្ឍនិងភាពរីកចម្រើននាពេលអនាគតរបស់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រីកទីផ្សារក្នុងការនាំចេញកសិផលមួយចំនួនដូចជា៖ ស្រូវ បន្លែបង្កា ចេក ដំឡូងមី ស្វាយ ជាដើម ទៅកាន់ទីផ្សារកូរ៉េ ចិន ជប៉ុន និងប្រទេសមួយចំនួនទៀតនៅលើពិភពលោក៕​

ប្រភព៖ ក្រសួងព័ត៌មាន