រដ្ឋាភិបាលឡាវជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត ខណៈជំងឺរាតត្បាត Covid-19 ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ
សេដ្ឋកិច្ច October 19, 2020 Chan Sreyny

រដ្ឋាភិបាលឡាវ បានជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត ខណៈពេលដែលការរីករាលដាលនៃជំងឺរាតត្បាត Covid-19 និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសឡាវ។

រដ្ឋាភិបាលឡាវគួរតែបង្កើនការផលិត ដើម្បីឱ្យមានទំនិញកាន់តែច្រើនត្រូវបានផលិតសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ នេះបើយោងតាមការិយាល័យរបស់គណៈកម្មាធិការមជ្ឈិមបក្សឡាវ។ បើទោះបីជា ប្រទេសឡាវនៅតែមិនមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរណាមួយដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ផលប៉ះពាល់លើសេដ្ឋកិច្ចជាពិសេសលើឧស្សាហកម្មទេសចរណ៍បានរងផលប៉ះពាល់យ៉ាងខ្លាំង។

មុនពេលមានជំងឺរាតត្បាតនេះ ឧស្សាហកម្មទេសចរណ៍បានរីកចម្រើនគួរឱ្យកត់សម្គាល់។ ការមកដល់នៃភ្ញៀវអន្តរជាតិបានកើនឡើង ១៤.៤% ក្នុងឆ្នាំ ២០១៩ និងបង្កើតប្រាក់ចំណូលបានប្រហែល ៩៣៤ លានដុល្លារ នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី។

នៅក្នុងខែមិថុនា រដ្ឋាភិបាលបានព្យាករណ៍ថា ប្រទេសឡាវនឹងទទួលរងនូវការខាតបង់យ៉ាងខ្លាំងដោយសារតែជំងឺរាតត្បាត Covid-19 ដោយសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនឡើងត្រឹមតែ ៣.៣% ទៅ ៣.៦% ។ ជំងឺរាតត្បាត បានបំផ្លាញទេសចរណ៍ ការវិនិយោគ និងការនាំចេញដែលជាប្រភពគន្លឹះសំខាន់នៃការផ្លាស់ប្តូរបរទេសសម្រាប់ប្រទេសឡាវ។

ទោះជាយ៉ាងណា គម្រោងអភិវឌ្ឍន៍ធំៗមួយចំនួននៅតែបន្តជឿនលឿនដូចការគ្រោងទុក។ ការស្ថាបនាផ្លូវដែកចិន-ឡាវបច្ចុប្បន្នបានបញ្ចប់ជាង ៩០% ហើយកំពុងដំណើរការឱ្យរួចរាល់នៅឆ្នាំ ២០២១ ។ គម្រោងធំៗផ្សេងទៀត ទាក់ទងនឹងការរុករករ៉ែតំបន់សេដ្ឋកិច្ចពិសេស និងទេសចរណ៍ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។

គួរឱ្យដឹងផងដែរថា ក្នុងពេលបច្ចុប្បន្ននេះអាជ្ញាធរឡាវនៅតែមានការលំបាក ក្នុងការគ្រប់គ្រងតម្លៃម្ហូបអាហារ ពីព្រោះផលិតផលជាច្រើនត្រូវបាននាំចូលហើយត្រូវតែទិញជារូបិយប័ណ្ណ ដែលអត្រាប្តូរប្រាក់មានការប្រែប្រួល៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet