កូរ៉េខាងត្បូង នឹងបន្តគម្រោងចែកចាយគូប៉ុងបញ្ចុះតម្លៃដើម្បីជម្រុញការប្រើប្រាស់ក្នុងស្រុក
សេដ្ឋកិច្ច October 19, 2020 Chan Sreyny

ប្រទេសកូរ៉េខាងត្បូងបានសំរេចបន្តកម្មវិធីគូប៉ុងបញ្ចុះតម្លៃរបស់ខ្លួន បន្ទាប់ពីបានផ្អាកនៅពាក់កណ្តាលខែសីហា ដោយសារការរីករាលដាលនៃជំងឺ Covid-19 ដើម្បីការពារការចំណាយក្នុងប្រទេស។

ផែនការនេះ ជាផ្នែកមួយនៃផែនការកែលម្អការចំណាយក្នុងស្រុកចំនួន ៩០.៤ ពាន់លានវ៉ុន (៧៦.២ លានដុល្លារ) របស់រដ្ឋាភិបាល ដែលចែកចាយគូប៉ុងបញ្ចុះតម្លៃដែលភ្ជាប់ទៅនឹងវិស័យចំនួន ៨ ផ្សេងគ្នាក្នុងវិស័យវប្បធម៌ ការកំសាន្ត និងសេវាកម្មនៅចុងខែនេះ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង។

យោងតាមមន្រ្តីពាក់ព័ន្ធបានឱ្យដឹងថា ផែនការគូប៉ុងបញ្ចុះតម្លៃនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១០ លាននាក់ និងជួយឧស្សាហកម្មជាច្រើនដូចជា៖ ការស្នាក់នៅ ទេសចរណ៍ ខ្សែភាពយន្ត សេវាកម្មម្ហូបអាហារ និងកសិកម្ម។ គូប៉ុងបញ្ចុះតម្លៃមួយចំនួនត្រូវបានចែកចាយនៅក្នុងខែសីហា ប៉ុន្តែរដ្ឋាភិបាលបានបញ្ឈប់កម្មវិធីនេះភ្លាមៗ នៅពេលដែលករណីឆ្លងជំងឺ Covid-19 ប្រចាំថ្ងៃរបស់ប្រទេសបានផ្ទុះឡើងនៅចុងខែ។

ទោះជាយ៉ាងនេះក្ដី យុទ្ធនាការលក់ទូទាំងប្រទេសប្រចាំឆ្នាំ ដែលគាំទ្រដោយរដ្ឋាភិបាលកូរ៉េដែលមានឈ្មោះថា Korea Sale Festa នឹងចាប់ផ្តើមទាំងនៅតាមអ៉ីនធឺណេត និងក្រៅប្រព័ន្ធអ៉ីនធឺណេតនៅថ្ងៃទី ១ ខែវិច្ឆិកា រយៈពេល ៣ សប្តាហ៍។ ខណៈពេលដែលមន្រ្តីរដ្ឋាភិបាលបង្កើនការប្រុងប្រយ័ត្ន និងបង្កើតវិធានការសុខភាព និងសុវត្ថិភាពបន្ថែមដើម្បីទប់ស្កាត់ការកើតឡើងជាថ្មីនៃជំងឺ Covid-19 ។

គួរឱ្យដឹងផងដែរថា ​ធនាគារកណ្តាលរបស់កូរ៉េខាងត្បូងព្យាករណ៍ថា សេដ្ឋកិច្ចនឹងមានការធ្លាក់ចុះ ១.៣% នៅឆ្នាំនេះ ប៉ុន្តែបានកត់សម្គាល់ថា ប្រសិនបើករណីជំងឺ Covid-19 នៅតែបន្តរីករាលដាលពេញត្រីមាសទី៤ សេដ្ឋកិច្ចអាចនឹងធ្លាក់ចុះ ២.២% ។ គិតត្រឹមថ្ងៃអាទិត្យ ទី ១៨ ខែតុលា កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ៩១ ករណីដោយបង្កើនចំនួនអ្នកឆ្លងជំងឺរាតត្បាតនេះដល់ ២៥,១៩៩ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand