ប្រទេសថៃនឹងក្លាយជាអ្នកផលិត ផ្គត់ផ្គង់ទាំងក្នុង និងក្រៅប្រទេស នៃវ៉ាក់សាំង Covid-19 របស់ AstraZeneca
សេដ្ឋកិច្ច October 17, 2020 Chan Sreyny

វ៉ាក់សាំងការពារជំងឺ Covid-19 ដែលពិសោធន៍ដោយក្រុមហ៊ុនឱសថអង់គ្លេស – ស៊ុយអែត AstraZeneca គ្រោងនឹង ផលិត និងផ្គត់ផ្គង់នៅក្នុងប្រទេសថៃ នេះបើយោងតាមចុះផ្សាយពីសារព័ត៌មានថៃ The Thaiger កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថា ប្រសិនបើវ៉ាក់សាំងទទួលបានជោគជ័យ វ៉ាក់សាំងនឹងអាចផ្ដល់ជូនសម្រាប់ប្រជាជនថៃនៅពាក់កណ្តាលឆ្នាំ ២០២១។

វ៉ាក់សាំង Covid-19 ត្រូវបានគេមើលឃើញថា ជាខ្សែជីវិតមួយដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច ដែលពឹងផ្អែកលើវិស័យទេសចរណ៍របស់ប្រទេសថៃ ខណៈដែលមនុស្សជាច្រើនបាននិយាយថា ព្រំដែននឹងមិនបើកឡើងវិញទេ រហូតទាល់តែវ៉ាក់សាំងការពារវីរុសនេះអាចប្រើបានជាទូទៅ។ ស្ថានទូតអង់គ្លេសនៅទីក្រុងបាងកកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា AstraZeneca កំពុងធ្វើការជាមួយសាកលវិទ្យាល័យ Oxford នៅចក្រភពអង់គ្លេស ដើម្បីធ្វើឱ្យវ៉ាក់សាំងនេះមាននៅទូទាំងពិភពលោក ហើយក្រុមហ៊ុន Siam Bioscience នឹងផលិតវ៉ាក់សាំងនៅក្នុងប្រទេសថៃ។

បើយោងតាមសម្តីរបស់ប្រធាន Siam Bioscience លោក Satitpong Sukvimol ប្រទេសថៃអាចជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលផលិតវ៉ាក់សាំង Covid-19 ដោយជោគជ័យ ហើយគោលដៅ គឺត្រូវមានវ៉ាក់សាំងជុំទី១ ត្រៀមរួចរាល់នៅពាក់កណ្តាលឆ្នាំក្រោយនេះ។ ជាមួយគ្នានេះដែររដ្ឋមន្រ្តីសុខភាពសាធារណៈ Anutin Charnvirakul មានប្រសាសន៍ថា រដ្ឋាភិបាលគាំទ្រដល់ការចែកចាយដល់ប្រទេសជិតខាងនៅពេលដែលវ៉ាក់សាំងរួចរាល់។ ទោះបីជាយ៉ាងណាក្ដី សេចក្តីប្រកាសព័ត៌មានមិនបានបញ្ជាក់ពីការចំណាយទាក់ទងនឹងវ៉ាក់សាំងនេះទេ ប៉ុន្តែត្រឡប់មកវិញនៅក្នុងខែកក្កដារដ្ឋាភិបាលថៃបានប្រកាសថា ខ្លួនត្រៀមថវិកាចំនួន ៦០០ លានបាតដើម្បីទិញការផ្គត់ផ្គង់វ៉ាក់សាំង Oxford៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger