វ៉ាក់សាំងការពារជំងឺ Covid-19 ត្រូវបានលក់ជូនប្រជាជនមួយចំនួនក្នុងប្រទេសចិនក្នុងតម្លៃ ៦០ ដុល្លារ
សេដ្ឋកិច្ច October 16, 2020 Chan Sreyny

យោងតាមមន្ត្រីសុខាភិបាលចិនបានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ២ ដូសដែលមានតម្លៃ ៦០ ដុល្លារត្រូវបានផ្តល់ជូនសម្រាប់ប្រជាជនមួយចំនួន នៅក្នុងទីក្រុងភាគខាងកើតនៃប្រទេសចិន។

ក្រុមមន្រ្តីនៅក្នុងទីក្រុង Jiaxing ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ ខែតុលាថា ប្រជាជនដែលមានអាយុចន្លោះពី ១៨ ដល់ ៥៩ ឆ្នាំដែលមានតម្រូវការបន្ទាន់ អាចស្វែងរកការពិគ្រោះយោបល់នៅតាមគ្លីនិក ដើម្បីចាក់វ៉ាក់សាំង Sinovac Biotech ដែលអាជ្ញាធរបានផ្តល់ដល់ក្រុមបុគ្គលិកពេទ្យ។

ពួកគេមិនបាននិយាយថា តើមានមនុស្សប៉ុន្មាននាក់នៅក្នុងទីក្រុងដែលត្រូវទទួលបានការចាក់វ៉ាក់សាំងនេះទេ ដោយវ៉ាក់សាំងមានចំនួន ២ ដូសត្រូវចាក់ចំនួនពីរដង ដោយចាក់លើកទី១ ហើយត្រូវរងចាំរយៈពេល ២៨ ថ្ងៃទើបត្រូវចាក់ម្ដងទៀត និងចំណាយថវិកាសរុប ៤០០ យ័ន (ប្រហែល ៦០ ដុល្លារ) ។

យោងតាមមន្ត្រីចិនបានឱ្យដឹងថា ប្រទេសចិនបានផ្តល់នូវវ៉ាក់សាំងសម្រាប់ពិសោធន៍ឱ្យបុគ្គលិកចាំបាច់រាប់រយរាប់ពាន់នាក់នៅតាមកំពង់ផែ មន្ទីរពេទ្យ និងតំបន់ដែលមានហានិភ័យខ្ពស់ផ្សេងទៀត នៅទូទាំងប្រទេស។ ទោះបីជាវ៉ាក់សាំងចិនចំនួន ១១ ប្រភេទបានចូលក្នុងការសាកល្បងព្យាបាលចំនួន ៤ ដងនៅក្នុងដំណាក់កាលទី៣ ក៏ដោយ ក៏មិនទាន់ត្រូវបានអនុញ្ញាតឱ្យចែកចាយក្នុងទីផ្សារជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយនោះទេ។

គួរឱ្យដឹងផងដែរថា ចិនរំពឹងថានឹងអាចផលិតវ៉ាក់សាំងបានចំនួន ៦១០ លានដូសនៅដំណាច់ឆ្នាំនេះ ដោយសង្កត់ធ្ងន់ថាវានឹងមានតម្លៃសមរម្យ។ ចិនក៏បានចុះហត្ថលេខាលើការដេញថ្លៃ ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ដើម្បីធានាថាវ៉ាក់សាំងការពារជំងឺ Covid-19 ត្រូវបានចែកចាយទៅប្រទេសកំពុងអភិវឌ្ឍន៍៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia