អ្នកវិនិយោគទុនរុស្ស៊ីចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យជាច្រើន ជាពិសេសវិស័យថាមពល
សេដ្ឋកិច្ច October 16, 2020 Chan Sreyny

ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលទើបតែតែងតាំងថ្មី គឺឯកឧត្តម អាណាតូលី បូរូវីក ( Anatoly BOROVIK ) បានបញ្ជាក់ថា អ្នកវិនិយោគទុនរុស្ស៊ីមានការចាប់អារម្មណ៍ជាខ្លំាងក្នុងការបណ្តាក់ទុននៅកម្ពុជា ក្នុងវិស័យជាច្រើនរួមមាន វិស័យថាមពលជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានធ្វើការបញ្ជាក់បែបនេះ នៅក្នុងជំនួបសម្ដែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ។

នៅក្នុងជំនួបនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងគាំទ្រចំពោះបេសកកម្មការទូតរបស់អាណាតូលី បូរូវីក នៅកម្ពុជា និងបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមកទាំងវិស័យនយោបាយ កាទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម អាណាតូលី បូរូវីក បានសន្យាថា នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង ទំាងនៅខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាទ្វេភាគី និងពហុភាគី។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា អ្នកវិនិយោគទុនរុស្ស៊ីមានការចាប់អារម្មណ៍ជាខ្លំាងក្នុងការបណ្តាក់ទុននៅកម្ពុជា ក្នុងវស័យជាច្រើនមានដូចជា ថាមពលអគ្គិសនីជាដើម។ មិនតែប៉ុណ្ណោះរុស្ស៊ី បានគាំទ្រដល់ការទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់កម្ពុជា នៅឆ្នាំ២០២១ ខាងមុខនេះផងដែរ។

សូមជម្រាបជូនថា កម្ពុជា-រុស្ស៊ី មានចំណងមិត្តភាពដ៏ល្អ តាំងពីយូរមកហើយ ពោលគឺបានឈានដល់ខួបទី៦៥ នៅឆ្នាំក្រោយនេះ។ អតីសហភាព សូវៀត ជាមិត្តដ៍ល្អរបស់កម្ពុជា ដែលបានជួយគាំទ្រកម្ពុជា តាំងពីក្រោយរបបប៉ុលពត បានដួលរលំទៅក្នុងឆ្នាំ១៩៧៩ ខណៈដែលប្រទេសលោកខាងលិចបានព្យាយាមហ៊ុមព័ទ្ធកម្ពុជាឲ្យនៅឯកោ៕

អត្ថបទ៖ លីនី