រដ្ឋាភិបាល​ថៃអាចខាតបង់ធ្ងន់ធ្ងរ ខណៈចំណូលពន្ធពីកោះដ៏ល្បីប្រចាំប្រទេស ធ្លាក់ចុះជិតពាក់កណ្ដាល
សេដ្ឋកិច្ច October 16, 2020 Chan Sreyny

រោគរាតត្បាត Covid-19 បាននាំឱ្យចំណូលពន្ធនៅភូកេតត្រូវកាត់បន្ថយពាក់កណ្តាល ខណៈការបិទច្រកព្រំដែន ហាមឃាត់ភ្ញៀវទេសចរអន្តរជាតិ បានធ្វើឱ្យចំណូលពន្ធសម្រាប់គោលដៅកោះដ៏ល្បីល្បាញមួយនេះធ្លាក់ចុះ។ ចាប់ពីខែមករាដល់ខែសីហា ចំណូលពន្ធសរុបពីមួយឆ្នាំទៅមួយឆ្នាំបានធ្លាក់ចុះជាង ៤៦% នេះបើយោងតាមទិន្នន័យពីការិយាល័យចំណូលតំបន់ភូកេតដែលទទួលបានពីសារព័ត៌មានភូកេត។

ប្រភពដដែលបានឲ្យដឹងថា នៅក្នុងខែមករា ខណៈពេលដែលវីរុសនៅតែបន្តរាតត្បាតនៅក្នុងប្រទេសចិន ប្រាក់ចំណូលពីពន្ធប្រចាំឆ្នាំរបស់ភូកេតកើនឡើង ៥.៣៨% កើនពី ១.០៣ ពាន់លានបាត ដល់ ១.០៩ ពាន់លានបាត។ ដោយឡែកនៅពេលវីរុសឆ្លងរីករាលដាលនៅដំណាច់ខែមករានោះ ប្រាក់ចំណូលពន្ធបានធ្លាក់ចុះ ៥.២២% ដោយធ្លាក់ចុះដល់ ១.០៣ ពាន់លានបាត។

ចំនួននេះបានធ្លាក់ចុះបន្ថែមទៀត នៅពេលដែលការរីករាលដាលបានឆ្លងពាសពេញពិភពលោក ហើយប្រទេសថៃបានបិទព្រំដែនរបស់ខ្លួនដោយហាមឃាត់ភ្ញៀវទេសចរអន្តរជាតិ។ ជាក់ស្ដែងក្នុងខែមីនា នៅពេលការផ្ទុះឡើងនៃវីរុស Covid-19 ត្រូវបានប្រកាសថា ជាជំងឺរាតត្បាតដោយអង្គការសុខភាពពិភពលោក ប្រាក់ចំណូលពន្ធរបស់ភូកេតបានធ្លាក់ចុះ ៤២.៣១% គឺធ្លាក់ចុះពី ១.១៣ ពាន់លានបាតមកត្រឹម ៧៩៧ លានបាត ហើយក្នុងមេសាបានធ្លាក់ចុះយ៉ាងខ្លាំង ២៩៦.៨៦% ពោលគឺធ្លាក់ចុះពី ១.២៤ ពាន់លានបាតមកនៅត្រឹម ៣១៣ លានបាត។ យ៉ាងណាមិញមកទល់ពេលនេះភាពស្ងប់ស្ងាត់ និងសេដ្ឋកិច្ចនៅលើកោះដែលធ្លាប់តែអ៊ូរអរមួយនេះ​ មិនទាន់ងើបឡើងវិញទេ ខណៈប្រាក់ចំណូលពន្ធនៅតែបន្តធ្លាក់ចុះជារៀងរាល់ខែ។

អត្ថបទ៖ លីនី
ប្រភព៖ thethaiger