ប្រធានាធិបតីហ្វីលីពីន មានបំណងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនឲ្យបានគ្រប់គ្នា តែខ្វះខាតថវិកា
សេដ្ឋកិច្ច October 16, 2020 Chan Sreyny

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយកាលពីថ្ងៃទី១៤ ខែតុលា ថា លោកត្រូវការទឹកប្រាក់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រជាជននៅទូទាំងប្រទេស ខណៈរដ្ឋាភិបាលមានប្រាក់សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចទៅហើយ តែផ្គត់ផ្គង់បានតែជនក្រីក្រ ប៉ូលីស និងយោធាប៉ុណ្ណោះ នេបើយោងតាមការរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ ប្រធានាធិបតីរូបនេះបាននិយាយថា៖ « ប្រជាជនទាំងអស់គួរតែទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ហើយលោកពេញចិត្តនឹងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ មកពីប្រទេសរុស្ស៊ី ឬ ចិន »។ វ៉ាក់សាំងរបស់ប្រទេសទាំងពីរនេះ បានដាក់ពាក្យស្នើសុំ ដើម្បីធ្វើការពិសោធន៍ព្យាបាលជំងឺរបស់ពួកគេនៅក្នុងប្រទេសហ្វីលីពីន។

យ៉ាងណាមិញក្រៅពីវ៉ាក់សាំងរបស់រុស្ស៊ី និងចិន ប្រទេសហ្វីលីពីនក៏កំពុងវាយតម្លៃទៅលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលកំពុងអនុវត្តការសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំងកូវីដ-១៩។ គួរ​បញ្ជាក់ផងដែរថា ប្រជាជនហ្វីលីពីនបច្ចុប្បន្នមានដល់ទៅ ១១៣ លាននាក់ ប៉ុន្តែលទ្ធភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំងរបស់រដ្ឋាភិបាលនៅមានកម្រិត។ ហើយនោថ្ងៃទី១២ ខែតុលា ហ្វីលីពីនបានកត់ត្រាការឆ្លងជំងឺ Covid-19 ចំនួន ១,៩១០ ករណី និងអ្នកស្លាប់ចំនួន ៧៨ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសមានចំនួន ៣៤៦,៥៣៦ ករណី ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ និងមានអ្នកស្លាប់ ៦,៤៤៩ នាក់៕

អត្ថប៖ លីនី
ប្រភព៖ vietnamplus