ការស្ទង់មតិ៖ ក្រុមហ៊ុននាំចេញរបស់កូរ៉េខាងត្បូងដែលរងការវាយប្រហារដោយជំងឺ Covid-19 រំពឹងថា ទីផ្សារអាស៊ាន និងចិននឹងជួយឱ្យការនាំចេញរបស់ពួកគេងើបឡើងវិញ
សេដ្ឋកិច្ច October 16, 2020 Chan Sreyny

យោងតាមការស្ទង់មតិមួយបានបង្ហាញកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុននាំចេញរបស់កូរ៉េខាងត្បូងជិតពាក់កណ្តាលរំពឹងថា ទីផ្សារអាស៊ីអាគ្នេយ៍ និងចិននឹងនាំមុខគេក្នុងការស្ទុះងើបឡើងវិញនៃការនាំចេញរបស់ពួកគេ។

ការស្ទង់មតិរបស់អ្នកនាំចេញក្នុងប្រទេសកូរ៉េខាងត្បូងចំនួន ១,០៥១ នាក់ ដោយអ្នកចូលរួមឆ្លើយសំណួរចំនួន ២៥.២% បាននិយាយថា លក្ខខណ្ឌពាណិជ្ជកម្មនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងមានភាពល្អប្រសើរបំផុត ក្នុងចំណោមទីផ្សារក្រៅប្រទេសនៅក្នុងត្រីមាសទី៤ នៃឆ្នាំនេះ និងឆ្នាំបន្ទាប់។ អាស៊ានរួមមាន៖ ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ សិង្ហបូរី និងវៀតណាម។

២០% បានឆ្លើយតបថា ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងត្បូង នឹងបង្ហាញពីភាពប្រសើរបំផុតនៃបរិយាកាសពាណិជ្ជកម្ម នេះបើយោងតាមការស្ទង់មតិដែលធ្វើឡើងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ។

ទន្ទឹមនឹងនេះ KITA បាននិយាយថា អ្នកនាំចេញកូរ៉េខាងត្បូង ហាក់ដូចជាបានយកចិត្តទុកដាក់ពីការវិនិយោគកាន់តែច្រើន និងវិធានការណ៍ជំរុញបន្ថែមទៀតនៅក្នុងអាស៊ាន និងចិនខណៈពេលមានការថយចុះបន្តិចម្តងៗ នៅក្នុងវិស័យផលិតកម្មរបស់ពួកគេ។

ជិត ២៨% នៃក្រុមហ៊ុនដែលបានស្ទង់មតិបានព្យាករណ៍ថា ការនាំចេញរបស់ពួកគេនឹងចាប់ផ្តើមការងើបឡើងវិញពេញលេញក្នុងឆមាសទី១ នៃឆ្នាំ ២០២១ ដោយមាន ៤១.៥% និយាយថា ការនាំចេញទៅក្រៅប្រទេសទំនងជាមិនចាប់ផ្តើមងើបឡើងវិញទេ រហូតដល់ពាក់កណ្តាលឆ្នាំក្រោយ។

ការរាតត្បាតនៃជំងឺ Covid-19 បានបង្អាក់ដល់ការនាំចេញរបស់កូរ៉េខាងត្បូង ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចចាប់តាំងពីប្រទេសនេះបានរាយការណ៍ពីករណីឆ្លង Covid-19 ដំបូងបង្អស់នៅចុងខែមករា។ ការនាំចេញទៅក្រៅប្រទេសរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ៦ ខែជាប់ៗគ្នាក្នុងខែសីហា ប៉ុន្តែបានកើនឡើង ៧.៧% ក្នុងខែកញ្ញា ដោយសារតែដៃគូពាណិជ្ជកម្មធំៗបានចាប់ផ្តើមសកម្មភាពអាជីវកម្មរបស់ខ្លួនឡើងវិញ។

ប៉ុន្តែការនាំចេញបានធ្លាក់ចុះ ២៨.៨% ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែតុលា ខណៈពេលមានការលេចចេញជាថ្មីនៃការឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសទាំងនោះ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand