ផ្លូវរត់យន្តហោះ (Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានពង្រីក និងជួសជុល រួចរាល់ ហើយត្រៀមនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ។ កាលពីព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់ (Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ផ្លូវរត់យន្តហោះ (Runway)នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគដែលមានទឹកប្រាក់ចំនួន ៥៨ លានដុល្លារអាមេរិក ត្រូវបានគ្រោងឱ្យដំណើរការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ខាងមុខនេះ ដើម្បីឆ្លើយតប ទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា និងដោយមានគោលបំណងទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER ឬ យន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
គួរកត់សម្គាល់ថាក្នុងរយៈពេល៥ឆ្នាំចុង ក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរអោយទាក់ទាញតាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាច្រើនផងដែរ។
ដើម្បីប្រើប្រាស់សក្តានុពលដ៏សំបូរបែបរបស់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស និងដើម្បីឆ្លើយតបនឹងតំរូវការជាក់ស្តែង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឱ្យដល់ ៣,៣០០ម៉ែត្របន្ថែមពីលើការពង្រឹងផ្លូវផ្លូវយន្ត ហោះឡើងចុះ (airstrip) បច្ចុប្បន្ន៕