ទីក្រុង Jakarta របស់ឥណ្ឌូនេស៊ី ចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងសង្គមទ្រង់ទ្រាយធំ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ
សេដ្ឋកិច្ច October 14, 2020 Chan Sreyny

ទីក្រុង Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងសង្គមទ្រង់ទ្រាយធំ (PSBB) ក្នុងរយៈពេល ២ សប្តាហ៍ចាប់ពីថ្ងៃទី ១២ ខែតុលា បន្ទាប់ពីមានការថយចុះនៃការឆ្លងជំងឺ Covid-19 បន្ទាប់ពីការចាក់សោរប្រទេសមួយផ្នែកធំ ត្រូវបានដាក់ឡើងវិញនៅក្នុងទីក្រុងកាលពីថ្ងៃទី ១៤ ខែកញ្ញា។

អាជ្ញាធរមូលដ្ឋានឥណ្ឌូណេស៊ីបានប្រកាសថា ការិយាល័យនៅក្នុងវិស័យអាជីវកម្មសំខាន់ៗត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការឡើងវិញ។ ភោជនីយដ្ឋាន និងហាងកាហ្វេអាចបម្រើដល់ភ្ញៀវទទួលទានអាហារពេលល្ងាច ប៉ុន្តែអាចដំណើរការបានតែ ៥០% ប៉ុណ្ណោះខណៈពេលដែលសួនកម្សាន្ត និងគោលដៅទេសចរណ៍អាចបើកបាន ១/៤ នៃមុខងាររបស់ពួកគេ។

កន្លែងហាត់ប្រាណត្រូវបានកំណត់ត្រឹម ២៥% ហើយកន្លែងលេងកីឡានៅក្នុងសាល និងខាងក្រៅផ្សេងទៀតអាចដំណើរការបានពាក់កណ្ដាលនៃមុខងាររបស់ពួកគេ។ សកម្មភាពភាពជួបជុំគ្នាធំៗដូចជា៖ សិក្ខាសាលា រោងកុន និងពិធីអាពាហ៍ពិពាហ៍អាចត្រូវបានធ្វើឡើងនៅ ១/៤ នៃមុខងាររបស់ពួកគេ។

គួរឱ្យដឹងផងដែរថា Jakarta បានដាក់ច្បាប់ PSBB ឡើងវិញបន្ទាប់ពីមានករណីឆ្លងជំងឺ Covid-19 កើនឡើង ៣៧.០៩% នៅចន្លោះថ្ងៃទី ២៩ ខែសីហា និងថ្ងៃទី ១១ ខែកញ្ញា។ កំណើនចំនួនករណីឆ្លងថ្មីបានថយចុះ មកនៅត្រឹម ២២.៣៩% ចន្លោះពីថ្ងៃទី ២៥ ខែកញ្ញា ដល់ថ្ងៃទី ៩ ខែតុលា៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus