ផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា ត្រូវបានបំផ្លិចបំផ្លាញត្រឹមមួយប៉ព្រិចភ្នែកដោយសារទឹកជំនន់
សេដ្ឋកិច្ច October 14, 2020 Chan Sreyny

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយការនៅក្នុងដំណើរបន្តបេសកកម្មចុះពិនិត្យការជន់លិច និងសង្គ្រោះពលរដ្ឋនៅខេត្តភាគពាយព្យបានឲ្យដឹងថា ផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា ត្រូវជន់លិចដោយសារទឹកជំនន់។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងបន្ថែមថា ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឹនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង។ ជាងនេះទៅទៀត ទឹកជំនន់នេះបានធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា។ ហើយក្រៅពីផលដំណាំទឹកជំនន់នេះ បានបំផ្លាញផ្លូវ និងស្ពានជាច្រើនផងដែរ។

សូមជម្រាបផងដែរថា ឥទ្ធិពលសម្ពាធទាប និងព្យុះ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះបានធ្វើឱ្យខេត្តជាច្រើនក្នុងប្រទេសកម្ពុជារងការជន់លិច ដោយខេត្តបាត់ដំបង និងពោធិ៍សាត់ រងការជន់លិចធ្ងន់ធ្ងរជាងគេ។ ហើយគិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន១៧ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ៕

អត្ថបទ៖ លីនី