រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងទាក់ទងនឹងបច្ចេកវិទ្យាដល់ប្រទេសចំនួន ៩ ក្នុងនោះក៏មានកម្ពុជាផងដែរ
សេដ្ឋកិច្ច October 14, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងសហប្រតិបត្តិការទាក់ទងនឹងបច្ចេកវិទ្យាចំនួន ២៣ រវាងប្រទេស និងក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Yomiuri Shimbun របស់ប្រទេសជប៉ុននៅថ្ងៃទី ១៣ ខែតុលា។

គម្រោងនេះ មានគោលបំណងដោះស្រាយបញ្ហាប្រឈមដូចជា៖ ផលិតភាពកសិកម្ម និងគុណភាពវេជ្ជសាស្ត្រដែលប្រទេសនៅអាស៊ីអាគ្នេយ៍ប្រឈមមុខដោយប្រើប្រាស់ផ្នែកឯកជន។ រដ្ឋាភិបាលជប៉ុន នឹងប្រកាសអំពីផែនការនេះមុនពេលនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ីក្នុងដំណើរទស្សនកិច្ចការទូតលើកដំបូងរបស់លោក ចាប់ពីថ្ងៃទី ១៨ ដល់ ២១ ខែតុលា។

តាមការគ្រោងទុក ប្រទេសជប៉ុននឹងផ្តល់ថវិកាសរុបចំនួន ៥០០ លានយ៉េន (ជិត ៤.៧៥ លានដុល្លារអាមេរិក) សម្រាប់គម្រោងទាំង ២៣ នៅក្នុងប្រទេសចំនួន ៩ ដែលជាសមាជិកអាស៊ាន។ ក្នុងចំណោមគម្រោងទាំងនេះក្រុមហ៊ុន Sojitz Corp នឹងផ្តល់ឱ្យកសិករចិញ្ចឹមជ្រូកនៅប្រទេសវៀតណាមនូវប្រព័ន្ធគ្រប់គ្រងផលិតកម្ម។ ពួកគេអាចកែសម្រួលបរិមាណចំណី និងគ្រប់គ្រងស្ថានភាពសុខភាពដោយវិភាគចលនារបស់សត្វជ្រូកដោយប្រើកាមេរ៉ា ដើម្បីបង្កើនគុណភាពផលិតផល។

នៅប្រទេសកម្ពុជាក្រុមហ៊ុន Toyota Tsusho Corp នឹងសហការជាមួយក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនប្រតិបត្តិការផ្តល់សេវារថយន្តនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយផ្តល់ជូននូវសេវាកម្មរួមបញ្ចូលគ្នានូវដំណើរកម្សាន្ត និងមធ្យោបាយដឹកជញ្ជូនផ្សេងៗគ្នារួមទាំងឡានក្រុង និងរថយន្តតាក់ស៊ី។

នៅប្រទេសថៃក្រុមហ៊ុន Hitachi Co., Ltd នឹងប្រើបញ្ញាសិប្បនិម្មិតដើម្បីវិភាគទិន្នន័យវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យធំៗក្នុងមូលដ្ឋាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាកម្មវេជ្ជសាស្រ្តដូចជា ការព្យាបាល និងការប្រើថ្នាំផ្ទាល់ខ្លួន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តជប៉ុន និងឥណ្ឌូនេស៊ីនឹងធ្វើការរួមគ្នាដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ជំនួយនេះត្រូវបានគេសង្ឃឹមថា អាចជួយឱ្យក្រុមហ៊ុនជប៉ុនពង្រីកខ្លួនទៅជាអាជីវកម្មថ្មីនៅអាស៊ីអាគ្នេយ៍ និងជំរុញការបង្កើតសេវាកម្មឌីជីថលបន្ថែមទៀត នៅក្នុងប្រទេសជប៉ុនក្នុងពេលតែមួយ។

គួរឱ្យដឹងផងដែរថា កាលពីមុនប្រទេសជប៉ុន និងអាស៊ានបានព្រមព្រៀងធ្វើការរួមគ្នាលើការដាក់សេវាកម្មឌីជីថលទៅប្រើប្រាស់ជាក់ស្តែង ដើម្បីលើកកម្ពស់និរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចនៅពេលមានការរីករាលដាលនៃជំងឺ Covid-19 ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus