យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញជលផលរបស់កម្ពុជាបានធ្លាក់ចុះជាង ៨៤% ក្នុងរយៈពេលពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២០នេះ។ ខណៈកម្ពុជាប្រទេសចម្បងដែលនាំចេញ ផលិតផលជលផលទៅកាន់ប្រទេសថៃ និងវៀតណាម។
ទោះបីជាយ៉ាងនេះក្ដី ក្នុងរយៈពេល ៩ ខែកន្លងមក ការនាំចេញផលិតផលជលផលទឹកសាបបានធ្លាក់ចុះ ៧៨% ពីចំនួន ៧០០០ តោនកាលពីឆ្នាំមុន ខណៈដែលការនាំចេញគ្រឿងសមុទ្រកែច្នៃបានធ្លាក់ចុះ ៩៤% ពីចំនួន ៣៩៨០ តោនដល់ ២៣២ តោន។ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានចាត់ទុកការធ្លាក់ចុះនៃការនាំចេញ គឺដោយសារតម្រូវការក្នុងស្រុកកើនឡើង ស្របពេលដែលទិន្នផលនេសាទ និងទិន្នផលវារីវប្បកម្មធ្លាក់ចុះ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ « ក្រសួងកំពុងលើកកម្ពស់ការចិញ្ចឹមត្រីតាមរយៈគម្រោង CaPFish-Capture និង CaPFish Aquaculture ដែលឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុបក្នុងគោលបំណងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសន្តិសុខស្បៀង »។ គួរឲ្យដឹងផងដែរថា ការនេសាទត្រីធម្មជាតិបានថយចុះយ៉ាងខ្លាំង ដោយសារតែកម្រិតទឹកទាបនៃបឹងទន្លេសាប ដែលជាកន្លែងជំរកត្រីដ៏ធំបំផុតនៅកម្ពុជា ប៉ុន្តែសម្រាប់ផលិតកម្មត្រី បង្កង និងបង្គា ចាប់ពីខែមករា ដល់ ខែកញ្ញា មានចំនួនជាង ២៩៦,៥០០ តោនកើនឡើងពី ២៤៥,៥៧៨ តោន៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


