សង្គ្រាមផ្លែឈើកំពុងផ្ទុះឡើងនៅក្នុង​ប្រទេសចិន រវាង ទុរេនថៃ ម៉ុនថង និង ស្ដេចទុរេនម៉ាឡេស៊ី ម៊ូសាង
សេដ្ឋកិច្ច October 13, 2020 Chan Sreyny

សង្គ្រាមផ្លែឈើបានផ្ទុះឡើងនៅក្នុងប្រទេសចិន ដោយស្ដេចទុរេនម៉ាឡេស៊ី « Musang King » កំពុងប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ ទុរេន ម៉ុនថង របស់ប្រទេសថៃ ដើម្បីដណ្ដើមយកទីផ្សារដែលផ្ដល់ប្រាក់ចំណេញកាន់តែឡើងៗ។ យោងតាមអគ្គស៊ុលថៃប្រចាំនៅទីក្រុងណាននីងប្រទេសចិនបាននិយាយថា ទីក្រុងកូឡាឡាំពួរ បានបង្កើនការរប្រកួតរបស់ខ្លួននៅដើមខែតុលា ដោយបាននាំយកទុរេន «Musang King » ទៅតំបន់ក្វាងស៊ីជាង ១,០០០ តោនសម្រាប់ព្រឹត្តិការណ៍ «ទុរេនម៉ាឡេស៊ី ២០២០ »។

ប្រភពដដែលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីកំពុងកេងចំណេញលើបណ្តាញទីផ្សារថ្មី ទាំងតាមប្រព័ន្ធអ៉ីនធឺណេត និងក្រៅប្រព័ន្ធ ដើម្បីទាក់ទាញអតិថិជនចិនជាមួយការភ្លក់ឥតគិតថ្លៃ និងទុរេនតម្លៃទាប ១ យ័ន (០.១៥ សេន) ។ ជាលទ្ធផលទុរេនម៉ាឡេកំពុងមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ជាមួយនឹងការផ្សព្វផ្សាយពីការលក់ខែតុលាដល់មនុស្ស ៣៤០,០០០ នាក់ ដែលមានតម្លៃជាង ៧០ លានយ័ន (១០.៣ លានដុល្លារអាមេរិក) ។ លើសពីនេះព្រឹត្តិការណ៍ «ទុរេនម៉ាឡេស៊ី ២០២០ » ក៏ ផ្តល់ឱ្យសហគ្រិនម៉ាឡេស៊ី នូវឱកាសដើម្បីស្វែងយល់ពីរសជាតិរបស់ប្រជាជនចិនតាមរយៈផលិតផលកែច្នៃរួមមាន ទុរេនបំពង ភេសជ្ជៈទុរេន កាហ្វេ តៅហ៊ូតែជាប្រភេទភេសជ្ជៈ ស្រា នំខេក និងការ៉េម។

គួរឲ្យដឹងថា ប្រទេសថៃតែងតែជាអ្នកនាំចេញទុរេនធំជាងគេបំផុតទៅប្រទេសចិន ដែលទីផ្សារធំជាងគេគឺខេត្តក្វាងស៊ី និងខេត្តក្វាងទុង ប៉ុន្តែទោះយ៉ាងណាទុរេន ម៉ុនថង ឋានៈជាស្តេចទុរេននៅប្រទេសចិនឥឡូវនេះ កំពុងរងការគំរាមកំហែងពី « Musang King » ស្ដេចទុរេនរបស់ម៉ាឡេ ដែលអតិថិជនចិនបានដាក់ឈ្មោះថា « Maoshan Wang » ឬ « Hermes of durian »។ ជាមួយគ្នានេះ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ តម្លៃលក់រាយរបស់ផ្លែទុរេន « Musang King » បានកើនឡើង ៣០០% បន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមនាំចូលទុរេនកកពីប្រទេសម៉ាឡេស៊ី។ តម្លៃទុរេនបានឡើងពីជាង ២ ទៅ ២.៥០ ដុល្លារក្នុងមួយគីឡូក្រាមកាលពីឆ្នាំមុនដល់ជាង ៧ ទៅជិត ១០ ដុល្លារ ក្នុងឆ្នាំនេះ ដោយមានពូជល្អៗដូចជា Musang King, Ochee និង Sultan។

រដ្ឋាភិបាលម៉ាឡេស៊ីបានជំរុញឱ្យកសិករពង្រីកការដាំដុះទុរេន ដោយព្យាករណ៍ថានៅឆ្នាំ២០៣០ បរិមាណនាំចេញនឹងកើនឡើង ៥០% ហើយផលិតកម្មសម្រាប់ស្ដេចទុរេន « Musang King » កើនឡើងទ្វេដង។ ខណៈប្រទេសម៉ាឡេស៊ីគ្រោងនឹងបង្កើនចំណែកទីផ្សាររបស់ខ្លួននៃទុរេនដែលនាំចេញទៅកាន់ប្រទេសចិនពី ៥០% ទៅ ៧៥% នាពេលអនាគត។ សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនផ្លែទុរេន គឺជាផ្លែឈើនាំចូលកំពូលរបស់ប្រទេសចិនដែលមានតម្លៃសរុប ១.៦ ពាន់លានដុល្លារ (កើនឡើង ៤៧%) លើសពីផ្លែឈើស្រស់នៅតម្លៃ ១.៤ ពាន់លានដុល្លារជាលើកដំបូង។ បច្ចុប្បន្ននេះប្រទេសចិនអនុញ្ញាតឱ្យមានការនាំចេញផ្លែទុរេនពីប្រទេសថៃ និងម៉ាឡេស៊ី ខណៈវៀតណាម និងហ្វីលីពីនកំពុងចរចាដើម្បីទទួលបានទីផ្សារទុរេនរបស់ប្រទេសចិន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand