អត្រាគ្មានការងារធ្វើនៅចក្រភពអង់គ្លេស បានកើនឡើងច្រើនជាងការរំពឹងទុកដល់ ៤.៥% ក្នុងរយៈពេល ៣ ខែគិតត្រឹមខែសីហា នៅមុនពេលបញ្ចប់ផែនការការពារការងារពេលមានជំងឺរេតត្បាត Covid-19 របស់រដ្ឋាភិបាល។
ក្រុមសេដ្ឋវិទូអង់គ្លេស ដែលបានស្ទង់មតិដោយសារព័ត៌មានរ៉យទ័របានរំពឹងថា អត្រាគ្មានការងារធ្វើនឹងកើនឡើងយឺតៗត្រឹមតែ ៤.៣% ។ យោងការិយាល័យស្ថិតិជាតិអង់គ្លេសបានឱ្យដឹងថា ចំនួនប្រជាជនដែលមានការងារធ្វើបានធ្លាក់ចុះចំនួន ១៥៣,០០០ នាក់ក្នុងរយៈពេលខែមិថុនា ដល់ខែសីហា។ ចំនួននេះ ខ្ពស់ជាងការព្យាករណ៍ជាមធ្យមសម្រាប់ការធ្លាក់ចុះចំនួន ៣០,០០០ នាក់នៅក្នុងការស្ទង់មតិរបស់រ៉យទ័រ។

ទន្ទឹមនឹងនេះ ទិន្នន័យ ONS បានបង្ហាញថា ការបញ្ឈប់ការងារបានកើនឡើងដល់ចំនួន ១១៤,០០០ នាក់នៅត្រីមាសនេះដល់ ២២៧,០០០ នាក់ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៩ នៅពេលដែលចក្រភពអង់គ្លេសស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុពិភពលោក។

គួរឱ្យដឹងផងដែរថា ធនាគារអង់គ្លេសបានព្យាករណ៍ថា អត្រាគ្មានការងារធ្វើនឹងកើនឡើងដល់ ៧.៥% នៅចុងឆ្នាំនេះ ខណៈពេលដែលគម្រោងការពារការងាររបស់រដ្ឋាភិបាលត្រូវបានជំនួសដោយកម្មវិធីតូចជាងមុនក្នុងខែវិច្ឆិកា។ លោក Andrew Bailey អភិបាល BoE កាលពីថ្ងៃច័ន្ទ ទី ១២ ខែតុលា បានធ្វើការព្រមានម្តងទៀតថា សេដ្ឋកិច្ចអាចនឹងខ្សោយជាងការព្យាករណ៍របស់ធនាគារកណ្តាល៕
អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


