ជប៉ុន ផ្ដល់ជំនួយឥតសំណងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់
សេដ្ឋកិច្ច October 13, 2020 Chan Sreyny

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះជប៉ុនកំពុងផ្ដល់ជំនួយឥត សំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់ ក្នុងរង្វង់ថវិការប្រមាណ ៣៥ លានដុល្លារ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបា​នបញ្ជាក់ដូច្នេះ កាលពីថ្ងៃទី១២ ខែតុលា ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក SUGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន Marubini Protechs (TBC)។

យោងតាមការបញ្ជាក់របស់ឯកឧត្តមដដែល ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់ ដែលនឹងសាងសង់ស្ពានចំនួន ៧កន្លែង ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ដោយចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ក្នុងទំហំថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិកផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈឯកឧត្តមឯកអគ្គរាជទូត MIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់សាងសង់ ស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន និងកំពង់ផែអន្តរជាតិ សម្រាប់ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

សូមជម្រាបផងដែរថា ប្រទេសជប៉ុនបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមានសក្ដានុពលជាច្រើន ក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍកម្ពុជា។ ក្នុងនោះជំនួយសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុប ២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩,១លានដុល្លារ អាមេរិក ស្ពានគីហ្សូណា និងស្ពានត្សឹបាសាប្រវែងសរុប ៣៥៧៥ ម៉ែត្រ ចំណាយថវិកាប្រមាណ១៨៦ លានដុល្លារអាមេរិក និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។ ហើយជំនួយថ្មីៗនេះ គឺជំនួយជាគ្រឿងចក្រ ក្នុងតម្លៃទឹកប្រាក់ប្រមាណ ៤,៥ លានដុល្លារអាមេរិក៕

អត្ថបទ៖ លីនី