រយៈពេល ៣ត្រីមាសនៃឆ្នាំ២០២០ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានចំនួន ៩ ០១៥.០៨ ប៊ីលានរៀល (ប្រមាណជា ២ ២២៥.៩៥ លានដុល្លាអាមេរិក) កើនឡើង ៣.៧១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយដ្ឋានពន្ធដារ កាលពីពីថ្ងៃច័ន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។
ជាក់ស្ដែងចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម បានបង្ហាញថា ក្នុងខែកញ្ញា ឆ្នាំ២០២០ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (ប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៥៤.២០ ប៊ីលានរៀល (ប្រមាណជា ១៨៦.២២ លានដុល្លារអាមេរិក) ស្មើនឹង ៦.៥៣% នៃផែនការប្រចាំឆ្នាំ។

ដោយឡែកសម្រាប់ត្រីមាសទី៣ នៃឆ្នាំនេះ ចំណូលពន្ធអាករ-អាករ ដែលអគ្គនាយកដ្ឋានប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៩ ០១៥.០៨ ប៊ីលានរៀល (ប្រមាណជា ២ ២២៥.៩៥ លានដុល្លាអាមេរិក) ស្មើនឹង ៧៨.១០% នៃផែនការប្រចាំឆ្នាំ។ ជាមួយគ្នានេះប្រសិនបើធ្វើការប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ឃើញថាចំណូលពន្ធ-អាករសម្រាប់ត្រីមាសទី៣ កើនឡើងចំនួន ៣២៥.២៧ ប៊ីលានរៀល (ប្រមាណជា ៨០.៣១ លានដុល្លារ) ថ្មើនឹង ៣.៧១%៕


អត្ថបទ៖ លីនី
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ


