ថៃ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការកាត់ពន្ធដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក
សេដ្ឋកិច្ច October 13, 2020 Chan Sreyny

គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃទី ១២ ខែតុលា បានអនុម័តការលើកទឹកចិត្តក្នុងការកាត់ពន្ធ ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុកក្នុងគោលបំណង ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងជួបប្រទះនឹងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃ បានដកស្រង់សម្តីនាយករដ្ឋមន្រ្តី Prayut Chan-o-cha ថា រដ្ឋាភិបាលនឹងផ្តល់ការកាត់ពន្ធរហូតដល់ ៣ ម៉ឺនបាត (ជិត ១,០០០ ដុល្លារ) សម្រាប់មនុស្សម្នាក់លើការទិញទំនិញ និងសេវាកម្ម។ ដោយមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី ៣១ ខែធ្នូ ការផ្តល់ជូនការកាត់បន្ថយពន្ធ នឹងត្រូវអនុវត្តចំពោះឆ្នាំជាប់ពន្ធ ២០២០ និងចំពោះផលិតផល និងសេវាកម្មដែលមានអាករលើតម្លៃបន្ថែម ៧% ។

ប្រជាជនប្រមាណ ៤ លាននាក់ត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះដែលត្រូវបានគេព្យាករណ៍ថា នឹងចាក់បញ្ចូលទឹកប្រាក់ប្រមាណ ១២០ ពាន់លានបាតចូលក្នុងសេដ្ឋកិច្ចរបស់ប្រទេស។

ទោះជាយ៉ាងណា នឹងធ្វើឱ្យរដ្ឋខាតបង់ចំណូលពន្ធចំនួន ១២ ពាន់លានបាតផងដែរ។ លោក Danucha Pichayanan អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃបានមានប្រសាសន៍ថា ផលិតផល និងសេវាកម្មគ្រប់ប្រភេទដែលមានអាករលើតម្លៃបន្ថែម នឹងត្រូវបញ្ចូលទៅក្នុងកម្មវិធីកាត់ពន្ធលើកលែងតែភេសជ្ជៈមានជាតិអាល់កុល ផលិតផលថ្នាំជក់ ឆ្នោតរដ្ឋាភិបាល ប្រេងឥន្ធនៈ សេវាកម្មកន្លែងស្នាក់នៅ និងសំបុត្រយន្តហោះ។

គួរឱ្យដឹងផងដែរថា ទោះបីជាប្រទេសថៃទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ហើយសកម្មភាពសេដ្ឋកិច្ចភាគច្រើនបានចាប់ផ្តើមឡើងវិញ ប៉ុន្តែធនាគារកណ្តាលរបស់ថៃជឿថា វាអាចចំណាយពេលយ៉ាងហោចណាស់ ២ ឆ្នាំសម្រាប់សេដ្ឋកិច្ចដើម្បីវិលទៅរកកម្រិតមុនពេលមានជំងឺរាតត្បាតនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus