សមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូនេស៊ី (PHRI) បានព្យាករណ៍ថា ភោជនីយដ្ឋានរហូតដល់ ៣០% នឹងត្រូវបិទទ្វារ បន្ទាប់ពីមានការរឹតត្បិតខាងសង្គមទ្រង់ទ្រាយធំដំណាក់កាលទី២ (PSBB) នៅទីក្រុង Jakatar ។
PSBB ដំណាក់កាលទី២ ដែលពាក់ព័ន្ធនឹងការរឹតត្បិតការរឹតបន្តឹងផ្នែកសង្គម រួមទាំងការហាមឃាត់ការទទួលទានអាហារពេលល្ងាចនៅតាមភោជនីយដ្ឋាន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែកញ្ញា រហូតដល់ថ្ងៃទី ១១ ខែតុលា។ ប្រសិនបើមនុស្សជាច្រើនមិនអាចបរិភោគអាហារនៅក្នុងភោជនីយដ្ឋាន ម្ចាស់ភោជនីយ៍ដ្ឋានអាចកាត់បន្ថយបុគ្គលិកពី ៧០% ទៅ ៨០% ។

ទន្ទឹមនឹងនេះ មានភោជនីយដ្ឋានមួយដែលធ្លាប់រកប្រាក់បានចន្លោះពី ១២ លានរូ៉ពី (៨១៤ ដុល្លារ) ទៅ ១៥ លានរូ៉ពីក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះរកបានតែ ៥០០,០០០ រ៉ូពីប៉ុណ្ណោះក្នុងមួយថ្ងៃ។ លោក Emil Arifin អនុប្រធាន PHRI បាននិយាយកាលពីពេលថ្មីៗថា មនុស្សជាច្រើនគិតថា វាជាការប្រសើរក្នុងការបិទអាជីវកម្មរបស់ពួកគេ ជាជាងការខាតបង់យ៉ាងធ្ងន់ធ្ងរ។

លោកបានបន្តថា រហូតដល់ ២០% ទៅ ៣០% នៃភោជនីយដ្ឋានដែលមានស្រាប់ចំនួន ៥០០០ កន្លែងអាចនឹងបិទទ្វារ។ ភោជនីយដ្ឋានដំបូងដែលត្រូវបានបិទជាបណ្តោះអាសន្ន នឹងត្រូវបិទជាអចិន្ត្រៃយ៍ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ដូច្នេះ លោកស្នើឱ្យរដ្ឋបាលក្រុងអនុញ្ញាតឱ្យមានសេវាកម្មទទួលទានអាហារពេលល្ងាចនៅតាមភោជនីយដ្ឋាន ដែលដាក់ពិធីសារសុខភាពតឹងរឹង។

ទោះជាយ៉ាងនេះក្ដី ប្រធានមន្ទីរទេសចរណ៍ និងច្នៃប្រឌិតនៃទីភ្នាក់ងារទេសចរណ៍សេដ្ឋកិច្ច Jaktar បាននិយាយថា ទីភ្នាក់ងារបានត្រួតពិនិត្យអាជីវកម្មចំនួន ៧៥៩ គិតត្រឹមថ្ងៃទី ១៨ ខែសីហា និងបានដាក់ទណ្ឌកម្មអាជីវកម្មចំនួន ៧៦ ពីបទរំលោភលើពិធីសារ។

គួរឱ្យដឹងផងដែរថា ការរីករាលដាលនៃជំងឺរាតត្បាត Cvoid-19 បានបំផ្លាញថវិកាប្រមាណ ៨៥ ទ្រីលានរូ៉ពី ដែលជាប្រាក់ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសឥណ្ឌូណេស៊ីគិតត្រឹមខែកក្កដា៕
អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


