ជប៉ុន ផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រដល់កម្ពុជាសម្រាប់គម្រោងសាងសង់ផ្លូវ
សេដ្ឋកិច្ច October 12, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រសាងសង់ផ្លូវដល់រាជរដ្ឋាភិបាលកម្ពុជាយកទៅប្រើប្រាស់ ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានា​ ពិសេសផ្លូវដែលទទួលរងនូវការខូចខាតខ្លាំងដោយកត្តាផ្សេងៗ រួមមានការដឹកលើសទម្ងន់កំណត់ និងគម្រោងស្ថាបនាផ្លូវ ៣៨ ខ្សែនៅខេត្តសៀមរាប។

ថ្លែងក្នុងពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវប្រភេទ stabilizer នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាសង្ឃឹមថា ជំនួយឥតសំណងជាគ្រឿងចក្រនេះ នឹងចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុនដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវជំនួយឥតសំណងសម្រាប់ការសាងសង់ស្ពាន និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ឯកឧត្តម​បញ្ជាក់​ថា​ « តាមរយៈឯកឧត្តមMIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រជាស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងបានផ្តល់នូវជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់ការសាងសង់ស្ពាន និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពានសំខាន់ៗជាច្រើនកន្លែង និងកំពង់ផែអន្តរជាតិសម្រាប់ជួយសម្រួលដល់ចរាចរដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា »។

តាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន ជប៉ុនបានផ្តល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្តារ
និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគន្លឹះជាច្រើននៅកម្ពុជា។ ឯកឧត្តមអះអាងថា ចំពោះវិស័យសាធារណការ និងដឹកជញ្ជូនជប៉ុនបានផ្តល់ហិរញ្ញប្បទានសម្បទានជាជំនួយឥតសំណងសម្រាប់ស្តារ និងសាងសង់ផ្លូវចំនួន ៣ ខ្សែរួមមាន៖ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុបជាង ២៥៤ គីឡូម៉ែត្រដោយប្រើប្រាស់ថវិកាប្រមាណ ១៨៩.១ លានដុល្លារអាមេរិក។

ចំណែកស្ពានធំៗមានដូចជា៖ ស្ពានគីហ្សូណា ស្ពានត្សឹបាសា ប្រវែងសរុប ៣,៥៧៥ម៉ែត្រ ចំណាយថវិកាប្រមាណ ១៨៦ លានដុល្លារ និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប ១,០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្នជប៉ុនកំពុងតែផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ដែលសាងសង់ស្ពានចំនួន៧ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ ៣៥ លានដុល្លារអាមេរិក ខណៈផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣៦៦ គីឡូម៉ែត្រ បាននឹងកំពុងសាងសង់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនក្នុងទំហំថវិកាប្រមាណ ៥០០ លានដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន