ខេត្តដ៏ល្បីមួយរបស់ថៃ អាចនឹងត្រូវបាត់ចំណូលជាង ៣ ពាន់លានដុល្លារនៅឆ្នាំនេះដោយសារ Covid-19
សេដ្ឋកិច្ច October 12, 2020 Chan Sreyny

ខេត្តឈៀងម៉ៃ ដែលជាខេត្តមានសេដ្ឋកិច្ច​ពឹងផ្អែកលើវិស័យទេសចរណ៍៍ត្រូវបានគេប៉ាន់ស្មានថាខាតបង់ ១០០ ពាន់លានបាត (ប្រមាណ ៣.២ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 នេះបើយោងតាមសភាខេត្តប្រប់មកកាន់សារព័ត៌មាន Bangkok Post។

លោក Varodom Pitakanonda ប្រធានសភាពាណិជ្ជកម្មឈៀងម៉ៃបានប្រាប់បណ្តាញសារព័ត៌មានថា បច្ចុប្បន្ននេះខេត្តកំពុងសង្ឃឹមលើកញ្ចប់វិធានការជំរុញរបស់រដ្ឋាភិបាលដើម្បីជួយដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ លោកបានមានប្រសាសន៍ថា៖ « ប្រាក់ចំណូលរបស់អ្នកឈៀងម៉ៃ ដែលធ្លាប់រកបានពីវិស័យទេសចរណ៍ បានធ្លាក់ចុះធ្ងន់ធ្ងរនៅឆ្នាំនេះ ដោយសារតែការរឹតត្បិតយ៉ាងតឹងរ៉ឹងដើម្បីគ្រប់គ្រងជំងឺរាតត្បាតនៅក្នុងប្រទេសថៃ និងប្រទេសដទៃទៀត »។

ជាមួយគ្នានេះដែរក្នុងអុំឡុងពេល ៣ត្រីមាសដំបូង ការប្រើប្រាស់ឯកជនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ស្របនឹងការថយចុះអំណាចនៃការទិញដែលបណ្តាលឲ្យធ្លាក់ចុះចំណូល ១០០ ពាន់លានបាតបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ លើសពីនេះទំនុកចិត្តអតិថិជននៅតែទាប ខណៈពេលដែលការវិនិយោគឯកជននៅតែបន្តធ្លាក់ចុះ។

លោក Varodom បានមានប្រសាសន៍បន្ថែមថា ការចំណាយបានធ្លាក់ចុះនៅក្នុងគ្រប់ប្រភេទនៃផលិតផលជាពិសេសនៅក្នុងវិស័យសេវាកម្ម ទំនិញ និងរថយន្ត ខណៈវិស័យទេសចរណ៍កំពុងចាប់ផ្តើមយឺតបំផុតក្នុងការចាប់ផ្តើមងើបឡើងវិញ។ ប៉ុន្តែទោះជា យ៉ាងណាក្ដី ប្រធានសភាពាណិជ្ជកម្មរូបនេះ បានបង្ហាញនូវជំនឿចិត្តថា ដោយគ្មានរលកទី២ នៃ Covid-19 សេដ្ឋកិច្ចនឹងងើបឡើងវិញយ៉ាងលឿន ហើយជំនួយពីរដ្ឋាភិបាលអាចជួយជំរុញការប្រើប្រាស់៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost