អង់គ្លេស គ្រោងនឹងប្រកាសកម្មវិធីគាំទ្រការងារបន្ថែមទៀត ខណៈក្រុមហ៊ុនជាច្រើនបង្ខំចិត្តបិទទ្វារ
សេដ្ឋកិច្ច October 10, 2020 Chan Sreyny

រដ្ឋាភិបាលចក្រភពអង់គ្លេស គ្រោងនឹងប្រកាសការគាំទ្របន្ថែមទៀត សម្រាប់ក្រុមហ៊ុននានាក្នុងការរក្សាបុគ្គលិកនៅប៉ុន្មានខែខាងមុខនេះ ប្រសិនបើពួកគេត្រូវបានបង្ខំឱ្យបិទទ្វារ ដោយសារការដាក់កម្រិតនៃការរឹតបន្តឹងការចាក់សោរប្រទេសបន្ថែមទៀត។

រដ្ឋាភិបាលអង់គ្លេសរំពឹងថា នឹងមានការរឹតបន្តឹងប្រទេសបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីដោះស្រាយការកើនឡើងនៃការឆ្លងជំងឺរាតត្បាត Covid-19 ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះសេដ្ឋកិច្ចដែលនឹងរងគ្រោះ ហើយការងាររាប់រយរាប់ពាន់អាចនឹងបាត់បង់។

លោក Rishi Sunak ប្រធានរតនាគារអង់គ្លេសបាននិយាយថា « អធិការបតី នឹងចាប់ផ្តើមដំណាក់កាលបន្ទាប់នៃគ្រោងការគាំទ្រការងារនាពេលបច្ចុប្បន្ននេះ ដែលនឹងការពារការងារ និងផ្តល់បណ្តាញសុវត្ថិភាពសម្រាប់អាជីវកម្មដែលអាចនឹងត្រូវបិទនៅសប្តាហ៍បន្ទាប់ និងខែបន្ទាប់ទៀត »។

វិស័យបដិសណ្ឋារកិច្ច គឺជាវិស័យមួយដែលដំណើរការបានល្អ ដែលត្រូវបានជំរុញដោយការសំរេចចិត្តរបស់មនុស្សជាច្រើន ក្នុងការឈប់សម្រាកនៅចក្រភពអង់គ្លេសជំនួសឱ្យការចេញទៅក្រៅប្រទេស ក៏ដូចជាគ្រោងការណ៍បញ្ចុះតម្លៃអាហាររបស់រដ្ឋាភិបាលក្នុងកំឡុងពេលនេះ។

ក្រោមកម្មវិធី « Eat Out to Help Out » អតិថិជនអាចទទួលបានការបញ្ចុះតម្លៃ ៥០% លើអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលនៅភោជនីយដ្ឋាន ដែលចូលរួមចន្លោះពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ ក្នុងតម្លៃ ១០ ផោន (១៣ ដុល្លារអាមេរិក) សម្រាប់មនុស្សម្នាក់។

គួរឱ្យដឹងផងដែរថា សេដ្ឋកិច្ចអង់គ្លេស បានបាត់បង់ជិត ១/៤ នៃទិន្នផលរបស់ខ្លួន ខណៈពេលដែលអាជីវកម្មជាច្រើនត្រូវបានបិទ ហើយប្រជាជនទាំងនោះនៅតែធ្វើការ និងត្រូវបានលើកទឹកចិត្តឱ្យធ្វើការនៅផ្ទះ៕

អត្ថបទ៖ នីតា
ប្រភព៖​ channelnewsasia