យោងតាមការស្ទង់មតិផ្នែកពាណិជ្ជកម្មលើកទី៦ របស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថា ភាគច្រើននៃជំនួញអឺរ៉ុបនៅវៀតណាមរំពឹងថា នឹងបង្កើនប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសនោះ។ ប្រភពដដែលបានបង្ហាញថា អ្នកឆ្លើយតបសរុប ៧២% នៅវៀតណាមមានផែនការពង្រីកបន្ថែម ខណៈដែលអ្នកឆ្លើយតប ៦៣% នៅក្នុងប្រទេសពេញចិត្តនឹងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះវីរុស Covid-19។
ការស្ទង់មតិនេះបានបង្ហាញបន្ថែមថា ៥៦% នៃអ្នកជំនួញរបស់អឺរ៉ុបក៏មានផែនការពង្រីកប្រតិបត្តិការនៅអាស៊ានផងដែរ ដោយសារពួកគេឃើញថាតំបន់នេះផ្តល់នូវឱកាសសេដ្ឋកិច្ចល្អបំផុតដល់ពួកគេ។ លោក Donald Kanak ប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន បានមានប្រសាសន៍ថា៖ « ការស្ទង់មតិនៅឆ្នាំនេះបានបញ្ជាក់ថា អាស៊ាននៅតែត្រូវបានគេមើលឃើញថាជាតំបន់ដែលមានកាលានុវត្តភាពសេដ្ឋកិច្ចល្អបំផុត ប៉ុន្តែដូចដែលត្រូវបានរំពឹងទុកក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច COVID- ទស្សនវិស័យសម្រាប់កំណើនពាណិជ្ជកម្ម និងការវិនិយោគបង្ហាញនូវសញ្ញានៃការធ្លាក់ចុះ »។

ជាងនេះទៅទៀត ការស្ទង់មតិក្នុងឆ្នាំនេះក៏បានបង្ហាញផងដែរថា តំបន់អាស៊ាននឹងក្លាយជាបេក្ខភាពទាក់ទាញការវិនិយោគបន្ថែមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងយុគ្គសម័យក្រោយចប់កូវីដ។ ខណៈ ដែលអាស៊ានទទួលបានសំឡេងគាំទ្រច្រើនជាងគេ បន្ទាប់មកទៀតមានអឺរ៉ុប និងប្រទេសចិន។

នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន លោក Chris Humphrey បានបន្ថែមថា៖ « សារពីការស្ទង់មតិ គឺច្បាស់ណាស់ថាសមាហរណកម្មសេដ្ឋកិច្ចអាស៊ានហាក់ដូចជាស្ថិតនៅក្នុងជំហរមួយ។ អាស៊ាន និងសមាជិករបស់ខ្លួនចាំបាច់ត្រូវបោះជំហានដើម្បីសម្រេចបាននូវផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ ។ ខណៈបច្ចុប្បន្ននេះអាជីវកម្មអឺរ៉ុប កំពុងកែសំរួលយុទ្ធសាស្ត្រជំនួញរបស់ពួកគេទៅនឹងបរិស្ថានក្នុងតំបន់ ជាជាងរង់ចាំការជឿនលឿនទៅមុខក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
ទោះយ៉ាងណាលោក Humphrey បានកត់សម្គាល់ថា ពាណិជ្ជកម្មអឺរ៉ុបក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរអំពីកង្វះការរីកចម្រើនលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បន្ថែមទៀត ជាមួយតំបន់អាស៊ាន។ ជាពិសេសនិយាយពី (FTA) ពីតំបន់មួយទៅតំបន់មួយដែលក្នុងនោះ ៨ ក្នុងចំណោម ១០ យល់ឃើញថា អាចផ្តល់អត្ថប្រយោជន៍ច្រើនជាង ប្រភេទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand


