ការផលិតអំបិលខេត្តកំពតឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទីផ្សារនៅទូទាំងប្រទេស
សេដ្ឋកិច្ច October 10, 2020 Chan Sreyny

ការផលិតអំបិល របស់ក្រុមប្រជាកសិករនៅខេត្តកំពតឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់ដែលអាចផ្គត់ផ្គង់តម្រូវការទីផ្សារនៅទូទាំងប្រទេសបានគ្រប់គ្រាន់។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតបានឱ្យដឹងថា ការផលិតអំបិលក្នុងឆ្នាំនេះទទួលបានទិន្នផលច្រើនជាងឆ្នាំមុនៗ ដោយសារតែអាកាសធាតុអំណោយផលល្អ ពិសេសមានកូនរដូវប្រាំងអូសបន្លាយវែង។ លោកបានបន្តថា សម្រាប់ខែដែលអាចប្រមូលផលបានគឺនៅចន្លោះខែមករា រហូតដល់ខែឧសភា ហើយបើអាកាសធាតុអំណោយផលអាចប្រមូលផលបានរហូតដល់ខែកក្កដា។

លោកបានបញ្ជាក់ថា ចំពោះផ្ទៃដីនៃការផលិតអំបិលមានចំនួនជិត ៤ ពាន់ហិកតាសម្រាប់ឆ្នាំនេះផលិតអំបិលបានជាង ៨ ម៉ឺនតោនមានការកើនឡើងច្រើនបើប្រៀបធៀបនឹងឆ្នាំ ២០១៩ បានតែជិត ២ ម៉ឺនតោនប៉ុណ្ណោះ។ ក្នុងនោះ អំបិលប្រភេទលេខ១ លក់បានតម្លៃ ១២ ម៉ឺនរៀលក្នុង ៥០ គីឡូក្រាម ប្រភេទលេខ២ តម្លៃ ១ ម៉ឺនរៀល និងប្រភេទលេខ៣ តម្លៃចន្លោះពី ៨ ពាន់ទៅ ៩ ពាន់រៀល។

លោកបន្ធែមថា សម្រាប់ឆ្នាំនេះគាត់ញាប់ដៃញាប់ជើងក្នុងការផលិតអំបិលបានជាង ៨ ម៉ឺនតោនស្តុកក្នុងឃ្លាំង អាចចេញលក់បានសម្រាប់ក្នុងខែដើមឆ្នាំនេះ បានជាង ៥ ម៉ឺនតោនសម្រាប់ក្រុមអ្នកផលិតអំបិលទាំងអស់។ ឥឡូវនៅសល់ក្នុងស្តុកប្រហែល ៣ ម៉ឺនតោនទៀតសម្រាប់មួយឆ្នាំនេះ គឺហូបមិនអស់ទេបានន័យថា នៅសល់។ ហើយមកដល់ពេលនេះ មេឃរាំងភ្លៀងបន្តិចប្រហែលជានៅក្នុងខែ ១០ នេះប្រហែលការផលិតអំបិលចាប់ផ្ដើមភ្ជួរដី ដើម្បីផលិតអំបិលតទៀតហើយ។

នៅក្នុងខែធ្នូ ឬខែមករា អាកាសធាតុអំណោយផលយើងប្រមូលផលបាន។ បើមេឃរាំងនៅក្នុងចន្លោះខែ១ ខែ២ ខែ៣ រហូតដល់ខែ៤ ប្រើរយៈពេលប៉ុន្មានខែទៀត អំបិលយើងហូបមិនអស់ទេសម្រាប់ក្នុងប្រទេសរបស់យើងគឺហូបមិនអស់ទេ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ងាកមកប្រើប្រាស់អំបិលធម្មជាតិដែលផលិតពីទឹកសមុទ្រវិញ ព្រោះវាអាចជួយឲ្យបងប្អូនមានសុខភាពល្អ ពិសេសចំណាយថវិកាតិចផង៕​

ប្រភព៖ ក្រសួងព័ត៌មាន