ការស្ទង់មតិ៖ ៦៩% នៃអ្នកដំណើរត្រៀមខ្លួនសម្រាប់ការធ្វើដំណើរទៅបរទេស បើទោះបីជាមានជំងឺ Covid-19 ក៏ដោយ
ទេសចរណ៍ October 10, 2020 Chan Sreyny

ក្នុងឆ្នាំ ២០២០ នេះគឺជាឆ្នាំដ៏អាក្រក់មួយសម្រាប់ឧស្សាហកម្មទេសចរណ៍ នៅពេលដែលជំងឺរាតត្បាត Covid-19 បានបង្ខំឱ្យអ្នកធ្វើជំនួញ និងអ្នកធ្វើដំណើរកម្សាន្តផ្អាកផែនការរបស់ពួកគេ។

រយៈពេលជិត ៧ ខែហើយ ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ជំងឺ Covid-19 ជាវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយឧស្សាហកម្មទេសចរណ៍កំពុងរងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនធ្វើដំណើរតាមអាកាសអង់គ្លេស OAG បានរកឃើញថា អ្នកឆ្លើយសំណួរចំនួន ៦៩% គ្រោងចេញទៅក្រៅប្រទេស និង ៧៩% គ្រោងធ្វើដំណើរទៅកាន់គោលដៅក្នុងស្រុក ក្នុងរយៈពេល ៦ ខែខាងមុខនេះ។

នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាយកប្រតិបត្តិ Shahira Travel លោក Meyranti “ Ichie ” Kartika Putri បានប្រាប់សារព័ត៌មាន The Jakarta Post ថា មនុស្សមួយចំនួនពិតជាបានធ្វើដំណើរទៅបរទេស ជាពិសេសទៅកាន់ប្រទេសទួរគី។

លោកបានបន្ថែមថា មនុស្សជាច្រើននៅតែភ័យខ្លាចក្នុងការធ្វើដំណើរ ដោយសារតែជំងឺរាតត្បាតនេះ ប៉ុន្តែអ្នកដែលបានធ្វើដំណើរមិនមានការព្រួយបារម្ភទេ ពីព្រោះពួកគេបានអនុវត្តតាមពិធីសារសុខភាព និងសុវត្ថិភាព៕

អត្ថបទ៖ នីតា
ប្រភព៖ thejakartapost