ការងើបឡើងវិញនៃសេដ្ឋកិច្ចអង់គ្លេសស្ថិតក្នុងល្បឿនយឺតបំផុត ទោះបីជាមានការគាំទ្រពីរដ្ឋាភិបាលក៏ដោយ
សេដ្ឋកិច្ច October 9, 2020 Chan Sreyny

សេដ្ឋកិច្ចចក្រភពអង់គ្លេស បានកើនឡើងត្រឹមតែ ២.១% នៅក្នុងខែសីហា ដែលជាខែទី៤ នៃការជម្រុញរបស់ខ្លួន ប៉ុន្តែល្បឿននៃការងើបឡើងវិញពីជំងឺរាតត្បាត Covid-19 យឺតជាងការរំពឹងទុក បើទោះជាមានវិធានការណ៍របស់រដ្ឋាភិបាល ដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ចក៏ដោយ។

ការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) បាននិយាយថា កំណើនប្រចាំខែក្នុងខែសីហា គឺខ្ពស់ជាងកម្រិតខែមេសា ចំនួន ២១.៧% ប៉ុន្តែសេដ្ឋកិច្ចនៅតែទាបជាង ៩.២% មុនពេលមានការរាតត្បាតនៃជំងឺ Covid-19 នៅក្នុងខែកុម្ភៈឆ្នាំនេះ។

ទន្ទឹមនឹងនេះ ONS បានបន្តថា « ទោះបីជាខែសីហា ឆ្នាំ ២០២០ ឃើញមានកំណើន ៤ ខែជាប់ៗគ្នាក៏ដោយ វាគឺជាអត្រាកំណើនយឺតបំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២០ និងកំណើនឧស្សាហកម្មផលិតកម្មត្រូវបានធ្លាក់ចុះ »។ សេដ្ឋកិច្ចអង់គ្លេស បានធ្លាក់ចុះក្នុងអត្រា ២០.៤% កាលពីខែមេសា នៅពេលដែលជំងឺរាតត្បាតនេះបានរីករាលដាលយ៉ាងអាក្រក់បំផុត ដោយមានអ្នកស្លាប់ជាង ១,០០០ នាក់ក្នុងមួយថ្ងៃ។

គួរឱ្យដេងផងដែរថា អង់គ្លេសបានទទួលរងនូវការស្លាប់ច្រើនជាងបណ្តាប្រទេសនៅអ៊ឺរ៉ុបដទៃទៀត ដោយសារជំងឺរាតត្បាតនេះបានសម្លាប់ប្រជាជនអង់គ្លេសដល់ទៅជាង ៤១,០០០ នាក់ហើយកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងថ្មី ដែលបង្កឱ្យមានការចាក់សោរយ៉ាងតឹងរឹង និងមានការរឹតត្បិតថ្មីៗនៅទូទាំងប្រទេស៕

អត្ថបទ៖ នីតា
ប្រភព៖ businessinsider