ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមធ្លាក់ចុះ ១១%
សេដ្ឋកិច្ច October 8, 2020 Chan Sreyny

ប្រទេសវៀតណាម រកចំណូលបានជាង ២.៥ ពាន់លានដុល្លារ ពីការនាំចេញផ្លែឈើ និងបន្លែក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ដោយបង្ហាញពីការធ្លាក់ចុះ ១១% បើធៀបនឹងឆ្នាំមុន នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។

នៅក្នុងរយៈពេលនេះ អ្នកទិញធំៗរួមមានប្រទេសចិន កូរ៉េខាងត្បូង ថៃ និងសហរដ្ឋអាមេរិក។ ក្រសួងបាននិយាយថា ប្រទេសវៀតណាមកំពុងព្យាយាមដើម្បីទទួលបានទឹកប្រាក់ ៥ ពាន់លានដុល្លារ ពីការនាំចេញបន្លែផ្លែឈើរបស់ខ្លួននៅឆ្នាំនេះ។

ក្នុងរយៈពេល ៩ ខែនេះ វៀតណាមបានចំណាយទឹកប្រាក់ ៩៣៨ លានដុល្លារក្នុងការនាំចូលបន្លែផ្លែឈើ ពោលគឺធ្លាក់ចុះ ៣២.៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយប្រទេសចិន និងសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់ធំជាងគេ។ យោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឱ្យដឹងថា វៀតណាមបានប្រមូលចំណូលសរុបចំនួន ៣.៨ ពាន់លានដុល្លារពីការនាំចេញបន្លែនិងផ្លែឈើនៅក្នុងឆ្នាំ ២០១៩ ដែលធ្លាក់ចុះ ១.១% បើធៀបនឹងឆ្នាំមុន៕

អត្ថបទ៖​ នីតា
ប្រភព៖​ xinhuanet