មជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍សេដ្ឋកិច្ច (Cesa) កាលពីថ្ងៃពុធ ទី០៧ ខែតុលានេះ បានអនុម័តលើសំណើមួយ ដើម្បីផ្ដល់ជូននូវការកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់អ្នកជាប់ពន្ធរហូតដល់ទៅ ៣០,០០០ បាត (ប្រមាណ ៩៦២ ដុល្លារអាមេរិក) សម្រាប់ការទិញផលិតផល និងសេវាកម្ម រួមជាមួយនឹងការកាត់បន្ថយលើ VAT បន្ថែម ៧% ក្នុងការខិតខំមួយផ្សេងទៀត ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក។
អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិលោក Danucha Pichayanan បានមានប្រសាសន៍ថា ការផ្តល់ជូនការកាត់បន្ថយពន្ធចាប់ផ្ដើមពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ សម្រាប់ឆ្នាំជាប់ពន្ធ២០២០ ហើយក្រុមប្រឹក្សាក៏គ្រោងនឹងបញ្ចូលទឹកប្រាក់ប្រមាណ ១២០ ពាន់លានបាត ចូលទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ លោកបានបន្តថា ប្រជាជនប្រមាណ ៤ លាននាក់ ត្រូវបានគេរំពឹងថានឹងទាញយកអត្ថប្រយោជន៍ពីកម្មវិធីនេះ បើទោះបីជារដ្ឋត្រូវខាតបង់ប្រាក់ចំណូលពន្ធប្រមាណ ១២ ពាន់លានបាតក៏ដោយ។

សូមជម្រាបផងដែរថា ផលិតផលនិងសេវាកម្មគ្រប់ប្រភេទដែលមាន VAT លើតម្លៃបន្ថែម នឹងត្រូវបញ្ចូលទៅក្នុងកម្មវិធីកាត់ពន្ធ លើកលែងតែភេសជ្ជៈមានជាតិអាល់កុល ផលិតផលថ្នាំជក់ ឆ្នោតជាតិ ប្រេងឥន្ធនៈ សេវាកម្មកន្លែងស្នាក់នៅ និងសំបុត្រយន្តហោះ។ បើតាមលោក Danucha ដដែលបានមានប្រសាសន៍ថា មានតែអ្នកដែលមិនបានចុះឈ្មោះសម្រាប់កម្មវិធីជំរុញការប្រើប្រាស់ដែលមានស្រាប់ចំនួន ២ ប៉ុណ្ណោះ ដែលមានសិទ្ធិដាក់ពាក្យសុំកម្មវិធីកាត់ពន្ធថ្មីនេះ។

ហើយកម្មវិធីទាំង២នោះ គឺការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១,៥០០ បាត ដល់ការរស់នៅរបស់អ្នកកាន់ប័ណ្ណសុខុមាលភាពរដ្ឋ សម្រាប់ចំណាយក្នុងរយៈពេល ៣ខែ ហើយនិងការចេញថ្លៃចំណាយឱ្យពលរដ្ឋម្នាក់ៗពាក់កណ្ដាល ទៅលើផលិតផលប្រើប្រាស់ក្នុងតម្លៃមិនលើសពី ៣,០០០បាត ដែលចេញថ្លៃដោយរដ្ឋាភិបាលក្នុងរយៈពេល ៣ ខែ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


