រដ្ឋាភិបាលហ្វាំងឡង់ គ្រោងបើកស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ ទំនងការទូត និងពង្រីកកិច្ចសហការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត ក្នុងនោះក៏ត្រូវការពលករបេះផ្លែឈើតាមរដូវកាលផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម Jyri Järviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្រចាំព្រះរាជាណាចក្រ កម្ពុជា និងថៃ ក្នុងជំនួបជាមួយ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ។
ឯកឧត្តម Jyri Järviaho បានលើកឡើងពីគម្រោងផ្តល់ជំនួយបច្ចេកទេស និងសម្ភារដល់កម្ពុជា ដើម្បីកសាងសមត្ថភាពគ្រូបង្រៀនតាមប្រព័ន្ធអនឡាញ និងគម្រោងកែច្នៃសំរាមទៅជាថាមពលអគ្គិសនី (Waste Energy)។ ជាការឆ្លើយតប ឯកឧត្តម អ៊ូក សោភ័ណ បានសម្តែងការស្វាគមន៍ចំពោះគម្រោងខាងលើ និងបានលើកឡើងពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងហ្វាំងឡង់។ ឯកឧត្តមឯកអគ្គរាជទូតបានសន្យាផ្តល់ការគាំទ្រអស់ពីលទ្ធភាព និងស្នើសុំសមភាគីហ្វាំងឡង់ជំរុញគម្រោងខាងលើឱ្យបានឆាប់រហ័ស ដើម្បីនាំយកឧត្តមប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា៕



ប្រភព៖ ក្រសួងព័ត៌មាន


