សម្ដេចតេជោ ហ៊ុន សែន សុំការយោគយល់ពីមន្រ្តីរាជការ ក្នុងការផ្អាកដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ២០២១ ដោយសារហេតុផលមួយនេះ
សេដ្ឋកិច្ច October 7, 2020 Chan Sreyny

ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តយក្ស «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយសារតែភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ដូច្នេះនៅឆ្នាំ២០២១ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងមិនដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឡើយ ដោយសូមរក្សាទុកនៅដដែល។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា « ខ្ញុំបានប្រាប់ទៅ អូន ព័ន្ធមុនីរ័ត្ន ថា ប្រាក់ខែសម្រាប់ឆ្នាំ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ សុំផ្អាកការដំឡើងឆ្នាំ២០២១ អីចឹងសុំទោសទុកឲ្យហើយ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រក្សាទុកនៅប្រាក់បៀវត្សដដែល តែប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំ និងភ្ជុំបិណ្ឌនៅឲ្យដដែល »។

ទន្ទឹមនឹងនេះ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ការរក្សាការដំឡើងប្រាក់ចូលនិវត្តន៍ សម្រាប់អតីតយុទ្ធជន និងអ្នកចូលនិវត្តន៍មុនៗ ដើម្បីឱ្យការប្រាក់ចូលនិវត្តន៍នេះ ប្រហាក់ប្រហែលអ្នកទើបចូលនិវត្តន៍ថ្មីៗ។ សម្ដេចតេជោបានមានប្រសាសន៍ថា៖ « អ្វីដែលជាការយកចិត្តដាក់ ដែលជម្រាបជូនដល់អតីតយុទ្ធជន និងនិវត្តន៍ជននោះ យើងនឹងបង្កើនប្រាក់បៀវត្សចំពោះនិវត្តន៍ជន និងអតីតយុទ្ធជនដែលចូលនិវត្តមុន ដែលមានប្រាប់បៀវត្សទាប។ យើងប្រើទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារក្នុង១ឆ្នាំ ដើម្បីរុញអ្នកចូលនិវត្តមុនកុំឲ្យខុសគ្នាឆ្ងាយពេកជាមួយអ្នកចូលនិវន្តក្រោយ អីចឹងបានសេចក្តីថា យើងមិនដែលភ្លេចអតីតយុទ្ធជន និងនិវត្តន៍ជន ដែលបានចូលនិវត្តមុននោះទេ»៕