ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅប្រទេសកម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២២ នេះបើយោងតាមក្រសួងព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី០៦ ខែតុលា នេះ។ ផ្លូវល្បឿនលឿននេះមានប្រវែង ១៩០ គីឡូម៉ែត្រ តភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយមានចម្ងាយជិតជាងផ្លូវជាតិលេខ៤ បច្ចុប្បន្នដែលមានប្រវែងរហូតដល់ ២៤០ គីឡូម៉ែត្រ។
តាមប្រភពដដែលបានឲ្យដឹងថា រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ២០០០ លានដុល្លារ ក្នុងការសាងសង់ដែលជាកម្ចីសម្បទានពីរដ្ឋាភិបាលចិន។ តាមរយៈក្រុមហ៊ុនវិនិយោគ Cambodian PPSHV Expressway Co., Ltd រហូតមកដល់បច្ចុប្បន្ននេះ ការស្ថាបនាផ្លូវនេះសម្រេចបានប្រមាណជាង ២០% និងដោះស្រាយផលប៉ះពាល់បានប្រមាណជិត ៩០%។

សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿននេះបានបើកការដ្ឋានសាងសង់នៅក្នុងខែមីនា ឆ្នាំ២០១៩ ក្រោមអធីបតីភាពសម្ដេចតេជោ ហ៊ុន សែន។ ផ្លូវដែលសាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation នេះ មានគន្លងសម្រាប់រថយន្តបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និង១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿននេះ នឹងចូលរួមចំណែកលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា ជម្រុញការដឹកទំនិញនាំចេញ និងនាំចូល តាមរយៈច្រកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន


