ប្រទេសសិង្ហបុរី កំពុងបង្កើនវិធានការដើម្បីធានាសុវត្ថិភាពនៅពេលព្រំដែនរបស់ខ្លួនត្រូវបានបើកដំណើរការឡើងវិញ រួមទាំងការបង្កើតមន្ទីរពិសោធន៍សាកល្បងជំងឺ Covid-19 នៅអាកាសយានដ្ឋាន Changi។
រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរី លោក Ong Ye Kung បានមានប្រសាសន៍ថា មន្ទីរពិសោធន៍ Covid-19 នឹងត្រូវបានបង្កើតឡើងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីទ្រទ្រង់មន្ទីរពិសោធន៍ចាស់មួយដែលអាចផ្តល់ការធ្វើតេស្តយ៉ាងរហ័សសម្រាប់អ្នកដំណើរ ១០០០០ នាក់ក្នុងមួយថ្ងៃ។

លើសពីនេះទៀត ប្រទេសសិង្ហបុរីនឹងចរចា « Air Travel Bubbles » ជាមួយបណ្តាប្រទេស ឬតំបន់ដែលមានសុវត្ថិភាព និងការរៀបចំសម្រាប់អ្នកធ្វើដំណើរទូទៅដែលមិនមានបំណងមកធ្វើទស្សនកិច្ច។

គួរឱ្យដឹងផងដែរថា ប្រទេសសិង្ហបុរី បានបើកព្រំដែនរបស់ខ្លួនជាឯកតោភាគីដល់អ្នកធ្វើដំណើរមកពីប្រទេសប្រ៊ុយណេ និងនូវែលហ្សេឡង់កាលពីខែមុន ហើយថ្មីៗនេះបានបើកសម្រាប់អ្នកដែលមកពីប្រទេសវៀតណាម និងអូស្រ្តាលីដោយមិនរាប់បញ្ចូលរដ្ឋ Victoria ៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


