ថៃ គ្រោងចំណាយលុយជិត ៩៤ លានដុល្លារ ទិញវ៉ាក់សាំង Covid-19 សម្រាប់ចាក់ឲ្យប្រជាជន
សេដ្ឋកិច្ច October 6, 2020 Chan Sreyny

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលថៃអ្នកនាង Phanprapha Yongtrakul បាននិយាយកាលពីថ្ងៃច័ន្ទ ថា គណៈកម្មាធិការជាតិចាក់វ៉ាក់សាំងគ្រោងនឹងចំណាយថវិកាចំនួន ២,៩៣ ពាន់លានបាត (៩៣.៦ លានដុល្លារ) ដើម្បីទិញវ៉ាក់សាំង Covid-19 ចំនួន ៦៦ លានដូសនៅក្នុងឆ្នាំក្រោយសម្រាប់ប្រជាជនថៃចំនួន ៣៣ លាននាក់ ឬ ប្រហែល ៥០% នៃចំនួនប្រជាជន។

យោងតាមការឲ្យដឹងរបស់​អ្នកណាំពាក្យវ័យក្មេងរូបនេះ គណៈកម្មាធិការដែលដឹកនាំដោយរដ្ឋមន្រ្តីសុខភាពសាធារណៈលោក Anutin Charnvirakul បានសំរេចចិត្តបំរុងការចាក់វ៉ាក់សាំងនេះតាមវិធីសាស្រ្តពីរយ៉ាង។ ជាក់ស្ដែងទីមួយនឹងត្រូវបានបម្រុងទុកជាច្រើនតាមរយៈយុទ្ធនាការ Covax ដែលត្រួតត្រាដោយអង្គការសុខភាពពិភពលោក គ្របដណ្ដប់លើប្រជាជនថៃ ២០% និងវិធីទី២ គឺទុកបំរុងជាមួយក្រុមហ៊ុនផលិតចំនួន ១០ នៅអាមេរិកចិនអង់គ្លេស និងរុស្ស៊ីដែលកំពុងធ្វើការសាកល្បងវ៉ាក់សាំងទៅលើមនុស្សក្នុងដំណាក់កាលទីបី។

ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិត Nakhon Premsri ប្រធានវិទ្យាស្ថានវ៉ាក់សាំងជាតិបានមានប្រសាសន៍ថា៖ « យើងរំពឹងថាវ៉ាក់សាំងនឹងត្រៀមរួចរាល់នៅឆ្នាំក្រោយ សម្រាប់ចាក់ ២ដងក្នុមនុស្សម្នាក់ៗ។ ខណៈកិច្ចព្រមព្រៀងសម្រាប់ការផ្តល់ថ្នាំបង្ការសម្រាប់ប្រជាជនថៃនឹងត្រូវពិភាក្សានៅចុងខែនេះ »។

លោកបានបន្តថា វ៉ាក់សាំងនឹងត្រូវផ្តល់ជូនក្រុមអាទិភាពជាមុនដូចជា បុគ្គលិកពេទ្យដែលស្ថិតនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅពេលពួកគេប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត និងមានសារៈសំខាន់ចំពោះប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេស។ ទោះបីជាយ៉ាងណាក្ដី ថវិកាដែលបានស្នើសុំ គឺត្រូវមានការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដែលនឹងសំរេចថាតើវាគួរតែមកពីថវិកាជាតិ ឬ ប្រាក់កម្ចីរបស់រដ្ឋាភិបាលដែរឬទេ។ ខណៈវ៉ាក់សាំងនឹងត្រូវបានផ្គត់ផ្គង់ជាច្រើន ដូច្នេះការបង់ប្រាក់ក៏អាចត្រូវបានបង់ជាដំណាក់កាលផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand