មន្ទីរដឹកជញ្ជូនក្រុងបានស្នើគម្រោងចែកកង់ថ្មី សម្រាប់តំបន់នៅក្រុងហូជីមិញ ដែលមានស្ថានីយចំនួន ៤៣ និងកង់ចំនួន ៤០០គ្រឿង ដើម្បីជំរុញការដឹកជញ្ជូនសាធារណៈ។ ស្ថានីយ៍ទាំងនេះនឹងមានទីតាំងនៅជិតស្ថានីយ៍រថយន្តក្រុងក្នុងសង្កាត់ទី១ និងទី ៣ ខណៈទីក្រុងនេះកំពុងសិក្សាពីលទ្ធភាពនៃការកំណត់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងក្នុងសង្កាត់ទី ៣ នេះបើយោងតាមសំណើរបស់នាយកដ្ឋានទៅកាន់គណៈកម្មាធិការប្រជាជនទីក្រុង។
តាមប្រភពដដែលបានឲ្យដឹងថា ស្ថានីយ៍នីមួយៗមានផ្ទៃក្រឡាពី ២០-៣០ ម៉ែត្រការ៉េ និងមានកង់ចំនួន ១០ ទៅ ២០កង់ ។ អ្នកប្រើនឹងដោះសោរកង់ដោយទាញយកកម្មវិធី Mobike app នៅលើស្មាតហ្វូនរបស់ពួកគេដែលពួកគេអាចរកទីតាំងស្ថានីយ៍ដែលនៅជិតបំផុត។ ជាមួយគ្នានេះអ្នកប្រើប្រាស់អាចបង្កើតគណនីនៅលើកម្មវិធី ហើយអាចបញ្ចូលទឹកប្រាក់ដោយប្រើកាតធនាគាររបស់ខ្លួន ក្នុងការចំណាយប្រាក់សម្រាប់កង់នេះចំនួន ៥,០០០ ដុង (២២ សេនដុល្លារ) រយៈពេល ៣០នាទី។

នាយកដ្ឋានបាននិយាយថា គម្រោងដាក់ឲ្យប្រើប្រាស់កង់នឹងជួយឱ្យអ្នកធ្វើដំណើរភ្ជាប់ទៅនឹងការដឹកជញ្ជូនសាធារណៈដទៃទៀតដូចជា ឡានក្រុង និងបង្កភាពងាយស្រួលក្នុងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។គម្រោងនេះក៏នឹងទាក់ទាញថវិកាក្នុងវិស័យឯកជន ដើម្បីជួយពង្រឹងបណ្តាញដឹកជញ្ជូនសាធារណៈរបស់ទីក្រុងផងដែរ។ យ៉ាងណាមិញនាយកដ្ឋានបានធ្វើសំណើស្រដៀងគ្នានេះនៅឆ្នាំ២០១៧ សម្រាប់សង្កាត់១ ប៉ុន្តែវាមិនដែលត្រូវបានអនុវត្តទេ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress


