យោងតាមក្រសួងការងាររបស់ប្រទេសជប៉ុនបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ជំនួយសង្គ្រោះក្នុងករណីប្រមាណ ២១០,០០០ ករណីក្រោមកម្មវិធីគាំទ្រដល់បុគ្គលិកដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ។
កម្មវិធីបន្ទាន់នេះ ត្រូវបានបង្កើតឡើងក្នុងខែកក្កដា ដើម្បីគាំទ្រដល់អ្នកដែលបាត់បង់ការងារ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ប៉ុន្តែមិនអាចទទួលបានប្រាក់ចំណូលពីនិយោជករបស់ពួកគេ។ កម្មវិធីនេះ ផ្តោតលើមនុស្សដែលបានបាត់បង់ការងារនៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

ទន្ទឹមនឹងនេះ ប្រជាជនដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះ អាចទទួលបាន ៨០% នៃប្រាក់ឈ្នួលរបស់ពួកគេ ដោយមានប្រាក់ចំណេញប្រចាំថ្ងៃចំនួន ១១,០០០ យ៉េន ឬប្រហែល ១០៤ ដុល្លារ។ ក្រសួងបាននិយាយថា ខ្លួនបានទទួលពាក្យស្នើរសុំសុំចំនួន ៤៣១,៥៧២ គិតត្រឹមថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនហើយបានសំរេចចិត្តបង់ប្រាក់ក្នុងការទទួលបានអត្ថប្រយោជន៍នេះចំនួន ២១១,៩៥០ ករណី។

លើសពីនេះទៅទៀត ប្រសិនបើប្រជាជនមិនអាចទទួលបានការសហការពីនិយោជករបស់ពួកគេ ក្នុងការដាក់ពាក្យសុំ ពួកគេមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះប្រសិនបើការិយាល័យការងារក្នុងស្រុកបញ្ជាក់ថា ពួកគេបាត់បង់ការងារ។ ក្រសួងការងារជប៉ុន កំពុងលើកទឹកចិត្តប្រជាជនកុំឱ្យស្ទាក់ស្ទើរក្នុងការដាក់ពាក្យសុំ ប្រសិនបើពួកគេមិនទទួលបានអត្ថប្រយោជន៍ពីនិយោជករបស់ពួកគេ។

គួរឱ្យដឹងផងដែរថា ក្រសួងកិច្ចការផ្ទៃក្នុងជប៉ុនបាននិយាយថា ប្រជាជនចំនួន ២.១៦ លាននាក់បានបាត់បង់ការងារធ្វើក្នុងខែសីហា ដែលបានកើនឡើង ១៤០,០០០ នាក់បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ជាហេតុធ្វើឱ្យចំនួននេះបានកើនដល់ ៥.៩៧ លាននាក់កាលពីខែមេសា ហើយបានធ្លាក់ចុះចាប់តាំងពីពេលនោះមក៕
អត្ថបទ៖ នីតា
ប្រភព៖ nhk


