ប្រទេសថៃកំពុងសម្លឹងមើលឱកាសក្នុងការផលិតយន្តហោះលក់ ដែលបច្ចុប្បន្នកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើភាពទំនើប និងច្នៃប្រឌិតនៅក្នុងការរចនា និងផលិតយន្តហោះតូចៗ។ ខណៈប្រទេសនេះមានសមត្ថភាពអាចផលិតយន្តហោះធំៗ ដោយខ្លួនឯងដើម្បីបម្រើដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា យន្តហោះខ្នាតតូចៗ ដែលអាចចុះចតនៅលើសមុទ្រ និង ក្នុងផ្ទះដំបូងបង្អស់របស់ប្រទេសថៃ ត្រូវបានសាកល្បងដោយជោគជ័យ ហើយអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនិងការច្នៃប្រឌិតរបស់ប្រទេសថៃដែលហៅកាត់ថា TSRI កំពុងសម្លឹងរកការផលិតយន្ដហោះនេះ សម្រាប់ធ្វើអាជីវកម្ម។
(រូបតំណាង)
យន្តហោះដែលមាន ២កៅអី នេះត្រូវបានដាក់ឈ្មោះឲ្យថា «Chalakasyan» ដោយព្រះនាង Maha Chakri Sirindhorn ដែលជាសែរាជវង្ស។ ខណៈលោក Atichat Preittigun នាយករង TSRI និយាយថាវាជាប្រភេទទីមួយនៅក្នុងប្រទេសថៃ។

បន្ថែមពីនេះការធ្វើតេស្តបន្ថែមពេលវេលាហោះហើរច្រើនជាង ២០០ ម៉ោង ហើយវាត្រូវបានប្រើក្នុងការបណ្តុះបណ្តាលក្នុងបេសកកម្មជួយសង្គ្រោះទឹកជំនន់។ យន្ដហោះនេះអាចហោះហើរបានរយៈពេល ៤ ម៉ោងជាមួយនឹងល្បឿនធ្វើដំណើរប្រហែល ១៥៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះវាអាចឈានដល់ល្បឿនអតិបរមា ២៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
(រូបតំណាង)
ទោះបីជាយ៉ាងណាក្ដី យន្ដហោះនេះនៅតែត្រូវធ្វើការកែលំអបន្ថែមទៀត ដោយធ្វើឱ្យប្រាកដថាវាស្របតាមស្តង់ដារអាកាសចរណ៍ដូចជា ការធ្វើឱ្យប្រសើរឡើងនូវដំណើរការហោះហើរនាពេលបច្ចុប្បន្ន។ ហើយជំហានបន្ទាប់ គឺការចុះបញ្ជីយន្តហោះ ជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ដូច្នេះវាអាចត្រូវបានផលិតជាលក្ខណៈពាណិជ្ជកម្ម៕
អត្ថបទ៖ លីនី
ប្រភព៖ thethaiger


