ក្រុងកំពត នឹងប្រែក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាបំណាច់ឆ្នាំ ២០២១ ខាងមុខនេះ
ទេសចរណ៍ October 3, 2020 Chan Sreyny

ក្រុងកំពត នឹងប្រែក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាបំណាច់ឆ្នាំ ២០២១ ខាងមុខនេះ ខណៈពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងបណ្ណសរសើរត្រូវបានប្រគល់ជូនម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួនដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍នៅក្រុងកំពត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។

ពិធីប្រគល់ពាននិងបណ្ណសរសើរនេះត្រូវបានរៀបចំឡើងក្នុងសិក្ខាសាលា ស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” ក្នុងគោលបំណងផ្សព្វផ្សាយអំពីច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍អំពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យ​ទេសចរ​ណ៍ដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទូទាំងប្រទេស ក៏ដូចជាជួយការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានផងដែរ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខា​ធិការ​ក្រសួងទេស​ច​រណ៍ និងលោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមពីតំណាងពីមន្ទីរពាក់ព័ន្ធ​ សាលាក្រុងកំពត សាលាសង្កាត់ក្នុងក្រុងកំពត និងផ្នែកឯកជនដែលជាម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងក្រុងកំពត។

លោក នៃ គង់ អភិបាលរងខេត្តកំពតបានលើកឡើងពីការខិតខំរបស់រដ្ឋបាលខេត្តកំពតក្នុងការលើកស្ទួយវិស័យ​ទេសចរណ៍ និងការរៀបចំបង្កើតឆ្នេរថ្មីដែលជាផលិតផលទេសចរណ៍ថ្មីក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមក ទស្សនាកាន់តែច្រើនឡើងថែមទៀត។ លោកក៏បានក្រើនរំលឹកឲ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាបច្ច័យជួយបង្កើតបរិស្ថានទេសចរណ៍មួយដែលគ្មានផ្សែងបារីនៅខេត្តកំពត សម្រាប់បម្រើផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា។

ជាការលើកទឹកចិត្តដល់ការចូលរួមអនុវត្តបានល្អរបស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួននៅខេត្តកំពតតាមគោលការណ៍ច្បាប់និងសេចក្តីណែនាំស្តីពីពីបរិស្ថានគ្មានផ្សែងបារី ក្រសួងទេស​ចរ​ណ៍ក៏បានរៀបចំពាននិងបណ្ណសរសើរដើម្បីចែកជូនផងដែរ។

ការជ្រើសរើសវាយតម្លៃផ្តល់ជូនសណ្ឋាគារ/ភោជនីយដ្ឋានឆ្នើម ដែលទទួលពានបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរដែលបានរៀបចំឡើង ដោយមានសូចនាករ លក្ខណៈ​វិនិច្ឆ័យត្រឹមត្រូវ យោង​ទៅតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា​ក្រោម​ច្បាប់ រួមមាន​ អនុក្រឹ​ត្យ ប្រកាស សារាចរ សេចក្តីណែនាំ….។ល។ ចំណុចសំខាន់ៗដែល​មូលដ្ឋាន​អាជីវកម្ម សេវាកម្មទេសចរណ៍ត្រូវប្រកាន់យកមានដូចជា៖ ត្រូវបិទផ្សាយឬដាក់បម្រាមហាមជក់នៅតាមផ្លូវចូល និង​កន្លែង​​សមស្របដែលអាចមើលឃើញច្បាស់ មិនត្រូវដាក់តាំងឬបង្ហាញប្រដាប់គោះបារី ត្រូវបង្គាប់​មិន​ឲ្យ​អ្នកជក់​ឬបង្ហុ​យផ្សែងផលិតផលថ្នាំជក់ក្នុងកន្លែងហាមឃាត់ មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ក្នុង​បរិវេណ​មូលដ្ឋានរបស់ខ្លួនទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់​ធម្ម​តា​​បានតែ​មួយ​កញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញ ឬលក់តែផលិតផលថ្នាំជក់ណាដែលមានសារ​ព្រមាន​​សុខភាព​ជា​​រូបភាព និងជាភាសាខ្មែរទំហំ៥៥%បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំងពីរនៃកញ្ចប់​ផលិតផល​ថ្នាំជក់។

ឯកឧត្តម ហោ សារុន បានបន្ថែមថា ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដោយមានការចូលរួមពីក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍បានចុះវាយតម្លៃមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងក្រុងកំពតកាលពីខែកក្កដាកន្លងទៅនេះ តាមរយៈកម្រងសំណួរដែលដកស្រង់ចេញពីច្បាប់ស្តីពី ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ អនុក្រឹត្យ សេចក្តីណែនាំទាក់ទងនឹងច្បាប់។ ជាលទ្ធផល មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ចំនួន ៣០ កន្លែងដែលអនុវត្តបានល្អត្រូវបានជ្រើសរើសដើម្បីទទួលពាននិងបណ្ណសរសើរនៅថ្ងៃនេះ​។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ក៏មានកិច្ចប្រជុំពិភាក្សាមួយរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ដែលបានឯកភាពលើគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១។ ការចែកពាននិងបណ្ណសរសើរ និងសិក្ខាសាលាថ្ងៃនេះគឺជាសកម្មភាពគាំទ្រមួយ ដើម្បីជំរុញឲ្យទីក្រុងកំពតក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅចុងឆ្នាំ២០២១ ខាងមុខនេះ៕

ប្រភព៖ ក្រសួងទេសចរណ៍