មិនសរសើរមិនបាន! រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃ ដល់ប្រជាជនបូករួមទាំងសងសំណងទៀត​បើមានបញ្ហាពេលចាក់រួច
សេដ្ឋកិច្ច October 3, 2020 Chan Sreyny

យោងតាមសារព័ត៌មាន NHK ដែលបានចេញផ្សាយកាលពីថ្ងៃទី០២ ខែតុលា​ បាន​ឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងរ៉ាប់រងថ្លៃចាក់វ៉ាក់សាំងប្រឆាំងនឹងការឆ្លងមេរោគវីរុស Covid-19 ហើយក៏នឹងផ្តល់សំណងដល់ប្រជាជននៅពេលរកឃើញថា មានផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងផងដែរ​។

ប្រភពដដែលបានឲ្យដឹងបន្ថែមថា រដ្ឋាភិបាលបានបង្ហាញផែនការចាក់វ៉ាក់សាំងដល់ក្រុមជំនាញនៅក្រសួងសុខាភិបាលកាលពីថ្ងៃសុក្រ។ ក្នុងនោះបានកំណត់ថា អ្នកទាំងឡាយណាដែលទទួលរងផលប៉ះពាល់បន្ទាប់ពីចាក់វ៉ាក់សាំងនឹងមានសិទ្ធិទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងវិធានការផ្តល់ជំនួយសង្គ្រោះផ្សេងទៀត។ ការគាំទ្រនឹងស្មើនឹងការផ្តល់ឱ្យអ្នកដែលមានបញ្ហាសុខភាពពីការចាក់វ៉ាក់សាំងសម្រាប់ជំងឺឆ្លងផ្សេងៗដូចជាជំងឺរបេងជាដើម។

គួរបញ្ជាក់ផងដែរថា​ សាលាក្រុងនឹងទទួលបន្ទុកគ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំង និងលើកទឹកចិត្តឱ្យប្រជាជនចាក់ថ្នាំបង្ការរោគ។ ដោយអ្នកជំនាញបានអនុម័តលើផែនការនេះ ហើយក្រសួងសុខាភិបាលនឹងបញ្ជូនវិក័យប័ត្រវិសោធនកម្មច្បាប់នៃការចាក់វ៉ាក់សាំងបង្ការរោគទៅអង្គប្រជុំ។ ខណៈរដ្ឋាភិបាលបាននិងកំពុងចរចាជាមួយក្រុមហ៊ុនផលិតឱសថបស្ចិមប្រទេស ដើម្បីធានានូវកម្រិតថ្នាំសម្រាប់ប្រជាជនទាំងអស់របស់ប្រទេសនៅឆមាសទីមួយនៃឆ្នាំក្រោយ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk