បុគ្គលិកផ្នែកទេសចរណ៍ជាង ៥ សែននាក់នៅថៃបានបាត់បង់ការងារ ខណៈក្រុមហ៊ុនជាច្រើនទៀតបិទទ្វារ
សេដ្ឋកិច្ច October 3, 2020 Chan Sreyny

យោងតាមក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានឱ្យដឹងថា ប្រហែល ១០% នៃអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះបានបិទទ្វារ ដោយមានបុគ្គលិកជិត ៥៤០,០០០ នាក់ត្រូវបានបញ្ឈប់ដោយសារតែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបណ្ដាលមកពីជំងឺរាតត្បាត Covid-19 ។

យោងតាមសារព័ត៌មាន Bangkok Post ដែលបានដកស្រង់សម្តីប្រធានក្រុមប្រឹក្សាថៃលោក Chairat Trirattanajarasporn ដែលបាននិយាយថា ប្រតិប​ត្តិករទេសចរណ៍នៅតំបន់ភាគខាងត្បូង និងភាគកណ្តាលហាក់ដូចជារងផលប៉ះពាល់ខ្លាំងបំផុត នៅពេលពួកគេពឹងផ្អែកខ្លាំងលើជនបរទេស។

លោក Chairat បាននិយាយថា បុគ្គលិកទេសចរណ៍ចំនួន ៤០០,០០០ នាក់បានបាត់បង់ការងារក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ខណៈក្រុមហ៊ុនចំនួន ៣% បានបិទទ្វារ និង ៧% ទៀតត្រូវបានបិទជាបណ្តោះអាសន្ន។ ទោះបីជា ៨៨% នៃក្រុមហ៊ុននៅតែបន្តប្រតិបត្តិការក៏ដោយ ប៉ុន្តែក្រុមហ៊ុនចំនួន ១៣% កាត់បន្ថយបុគ្គលិកនិយោជិក ៣០% ដែលបណ្តាលឱ្យបុគ្គលិក ១៣៧,២៨០ បាត់បង់ការងារ។

លោកបានបន្តថា នៅដំណាច់ឆ្នាំនេះចំនួនអ្នកគ្មានការងារធ្វើ នឹងកើនឡើងដល់ជាង ១ លាននាក់ប្រសិនបើរដ្ឋាភិបាលមិនអាចអនុវត្តវិធានការផ្តល់ជំនួយប្រកបដោយប្រសិទ្ធភាព និងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍អន្តរជាតិចូលមកក្នុងប្រទេសនេះបានកាន់តែច្រើននោះទេ។

លោកបន្ថែមថា ចំនួនភ្ញៀវទេសចរនឹងពឹងផ្អែកលើផែនការបើកឡើងវិញពីរដ្ឋាភិបាល ប៉ុន្តែចំនួនភ្ញៀវទេសចរមានចំនួន ១,២០០ នាក់ក្នុង ១ ខែគឺមិនគ្រប់គ្រាន់ដើម្បីជួយឧស្សាហកម្មទេសចរណ៍ឲ្យងើបឡើងវិញនោះទេ។

TCT ប៉ាន់ស្មានថា ប្រទេសថៃនឹងទទួលភ្ញៀវទេសចរអន្តរជាតិត្រឹមតែ ៦.៧៤ លាននាក់នៅឆ្នាំនេះពោលគឺធ្លាក់ចុះ ៨៣.១% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយមានចំណូលប្រមាណ ៣៣៧ ពាន់លានបាតធ្លាក់ចុះ ៨២.៦% ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus