រាជរដ្ឋាភិបាលទម្លាក់ថវិកាជាង ១២ លានដុល្លារ ក្នុងខេត្តមួយនេះ លើការសាងសង់ប្រព័ន្ធលូ និង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់
សេដ្ឋកិច្ច October 2, 2020 Chan Sreyny

អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១២ លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងស្ទឹងសែន នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ។

ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែតុលា លោកអភិបាលខេត្តបានបង្ហើបព័ត៌មានខាងលើនៅពេលចូលរួមពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូទឹកស្អុយ និងគម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងស្ទឹងសែន ខេត្ដកំពង់ធំ។ នា​ឱកាសនោះលោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុម័តលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

សូមជម្រាបផងដែរថា គំរោងនេះគឺជាផ្នែកមួយនៃគំរោងគ្រប់គ្រង និងកែលំអបរិស្ថានទន្លេសាបដំណាក់កាលទី២ អនុវត្តដោយរាជរដ្ឋាភិបាល។ ដោយគម្រោងនេះទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនឹងត្រូវចំណាយថវិកាប្រមាណជាង ១២ លានដុល្លារអាមេរិក ហើយការស្ថាបនាគម្រោងនេះរួមមានប្រព័ន្ធលូប្រមាណ ៣៩.២ គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន