យោងតាមការស្ទង់មតិរបស់ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បានឱ្យដឹងថា ភាគច្រើននៃអាជីវកម្មខ្នាតតូចអាចនឹងត្រូវបិទក្នុងរយៈពេល ៦ ខែទៀត ដោយសារតែការរឹតបន្តឹងដើម្បីទប់ស្កាត់ជំងឺ Covid-19 កំពុងធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌូនេស៊ីស្ថិតក្នុងភាពជាប់គាំង និងបំផ្លាញប្រាក់ចំណូលរបស់ពួកគេ។
ប្រហែល ៦០% នៃអាជីវកម្មខ្នាតតូចអាចបន្តសកម្មភាពបានត្រឹមតែ ៦ ខែទៀតប៉ុណ្ណោះ ប្រសិនបើការរឹតត្បិតរាតត្បាតនៅតែបន្តកើតមាន នេះបើយោងតាមការស្ទង់មតិ ដែលពាក់ព័ន្ធនឹងអាជីវកម្មខ្នាតតូចចំនួន ១៤៧ ហើយត្រូវបានធ្វើឡើងក្នុងខែមិថុនា និងខែកក្កដា។

ទន្ទឹមនឹងនេះ UNIDO បានស្នើដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី ឱ្យផ្តល់ប្រាក់ឧបត្ថម្ភប្រាក់ឈ្នួលដើម្បីជួយអាជីវកម្មខ្នាតតូចដើម្បីរក្សាកម្មកររបស់ពួកគេ ខណៈពេលដែលមានការសហការទ្វេដងជាមួយវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមបន្តលក់ផលិតផលរបស់ពួកគេ នៅពេលមានការរឹតត្បិតជំងឺរាតត្បាត។

លើសពីនេះទៅទៀត អាជីវកម្មខ្នាតតូចរបស់ឥណ្ឌូនេស៊ី ដែលប្រើកម្លាំងពលកម្មជាតិច្រើនលើសលុប និងចូលរួមចំណែកប្រហែល ៦០% ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានបំផ្លាញដោយជំងឺរាតត្បាត Covid-19 ។ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បានកំណត់ថវិកាចំនួន ១២៣.៤៦ ទ្រីលានរូពី (៨.៣ ពាន់លានដុល្លារ) សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយសង្គ្រោះ Covid-19 ។

គួរឱ្យដឹងផងដែរថា ការស្ទង់មតិរបស់ UNIDO ក៏បានរកឃើញថា ៩២% នៃសហគ្រាសខ្នាតតូចដែលបានស្ទង់មតិរំពឹងថា ប្រាក់ចំណូលនឹងធ្លាក់ចុះជាង ៥០% បើធៀបនឹងឆ្នាំមុន ដែលធ្វើឱ្យវិស័យនេះទទួលរងផលប៉ះពាល់ខ្លាំងបំផុត៕
អត្ថបទ៖ នីតា
ប្រភព៖ thejakartapost


