អត្រាគ្មានការងារធ្វើនៅប្រទេសជប៉ុន បានកើនឡើងដល់ ៣% នៅក្នុងខែសីហា ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៧ ដែលបង្ហាញពីផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 នៅលើទីផ្សារការងារដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសនេះ។
យោងតាមទិន្នន័យក្រសួងកិច្ចការផ្ទៃក្នុងជប៉ុនបានឱ្យដឹងថា តួលេខនេះបានកើនឡើង ០.១% គិតចាប់ពីខែកក្កដា គឺជាលើកទី១ ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៧ ដែលអត្រានេះមាន ៣% ឬខ្ពស់ជាងនេះ។ ប្រទេសជប៉ុនបាននឹងកំពុង តស៊ូនឹងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ និងការដំឡើងពន្ធលើការប្រើប្រាស់មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតនេះ បានបំផ្លាញសេដ្ឋកិច្ចពិភពលោក។

ទន្ទឹមនឹងនេះ ការបិទព្រំដែនរបស់ប្រទេសជប៉ុនបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងការចំណាយរបស់អ្នកប្រើប្រាស់ ដោយឧស្សាហកម្មបដិសណ្ឋារកិច្ចជួបការលំបាកយ៉ាងខ្លាំង។ ទីផ្សារការងាររបស់ជប៉ុន មានភាពតឹងតែងខ្លាំង ដោយសារនិយោជិកជាច្រើនត្រូវបានបញ្ឈប់ និងចំនួនប្រជាជនដែលមានអាយុច្រើនត្រូវបានកាត់បន្ថយការងារ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


