ចក្រភពអង់គ្លេសប្ដេជ្ញាគាំទ្រថវិកាចំនួន ៤.៥ លានផោន (ប្រមាណជា ៥៨ លានដុល្លារអាមេរិក) ដល់ការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ពីលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងចក្រភពអង់គ្លេសស្ដីពីការឆ្លើយតបនឹងកូវីដ-១៩ (តាមប្រព័ន្ធវីដេអូ)។
ប្រភពដដែលបានឲ្យដឹងបន្ថែមថា ក្រៅពីការប្ដេជ្ញាគាំទ្រថវិកាខាងលើ ចក្រភពអង់គ្លេសក៏បានប្រកាសចូលរួមចំណែកថវិកាចំនួន ១ លានផោន (ប្រមាណ ១.៣ លានដុល្លារ) ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងកូវីដ-១៩ ក៏ដូចជាគាំទ្រយុទ្ធសាស្រ្តថវិកាចំនួន ០.៥ លានផោន (ប្រមាណ ៦៤ ម៉ឺនដុល្លារ) ដល់លេខាធិការដ្ឋានអាស៊ាន ដើម្បីបង្កើត និងដាក់ចេញនូវគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ផងដែរ។

កិច្ចប្រជុំដែលបានរៀបចំឡើងនេះបានបង្ហាញនូវសេចក្ដីព្រួយបារម្ភអំពីការបន្តឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺនេះ ដល់ជីវភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅទូទាំងពិភពលោក។ ក្នុងបរិការណ៍នេះ កិច្ចប្រជុំបានប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត រវាងបណ្ដាប្រទេសសមាជិកអាស៊ាន និងចក្រភពអង់គ្លេស លើការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និងការចែកវ៉ាក់សាំង និងផ្ដល់ការព្យាបាលជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវត្ថុបំណងប្រសិទ្ធភាព សុវត្ថិភាព លទ្ធភាពទទួលបានវ៉ាក់សាំង និងការព្យាបាលស្មើៗគ្នា និងមានតម្លៃសមរម្យ។

សូមជម្រាបផងដែរថា ប្រទេសសមាជិកអាស៊ានបានលើកទឹកចិត្តដល់ចក្រភពអង់គ្លេសឲ្យជួយគាំទ្រ និងចូលរួមចំណែកដល់ការបម្រុងទុក ការផ្គត់ផ្គង់វេជ្ជសាស្រ្តក្នុងតំបន់ ដើម្បីជួយឲ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះតម្រូវការផ្គត់ផ្គង់វេជ្ជសាស្រ្តជាបន្ទាន់៕
អត្ថបទ៖ លីនី


