ភ្នំពេញ [ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០] ៖ ធនាគារ ព្រីនស៍បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណម៉ាស្ទ័រកាត និងវីសា ដើម្បីបង្កើននូវបទពិសោធន៍នៃការទូទាត់របស់អតិថិជន ក៏ដូចជា ត្រួសត្រាយផ្លូវក្នុងការឆ្ពោះទៅកាន់អនាគតនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។ ប័ណ្ណម៉ាស្ទ័រកាត និងវីសារបស់ធនាគារ ព្រីនស៍ មានចំនួន ៨ ប្រភេទ ដូចជា៖ ប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត Standard ប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត Platinum ប័ណ្ណឥណពន្ធ/ឥណទានវីសា Classic និងប័ណ្ណឥណពន្ធ/ឥណទានវីសា Platinum ដែលឆ្លើយតបទៅនឹងតម្រូវការឌីជីថលរបស់អតិថិជនដែលកំពុងវិវត្តឥតឈប់ឈរ។ កម្មវិធីនេះ ប្រព្រឹត្តិទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ព្រីនស៍ តំណាងអញ្ជើញមកពីក្រុមហ៊ុនម៉ាស្ទ័រកាត និងវីសា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់។
ដោយសារមានការរាតត្បាតពីជម្ងឺកូវីដ១៩ ក៏ដូចជាដើម្បីរក្សាគម្លាតសង្គម ធនាគារ ព្រីនស៍បានសម្រេចដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណម៉ាស្ទ័រកាត និងវីសា ដោយការមិនគិតថ្លៃសេវាប្រចាំឆ្នាំ សម្រាប់អតិថិជនរបស់ខ្លួនតាមរយៈប្រព័ន្ធឌីជីថលម្តងរួចមកហើយ កាលពីក្នុងអំឡុងត្រីមាសទី១។ តាមរយៈភាពជាដៃគូជាមួយម៉ាស្ទ័រកាត និងវីសា នឹងជួយបំពេញផែនការរបស់ធនាគារ ព្រីនស៍ក្នុងការពង្រីកនូវការផ្តល់ជូនផលិតផលដល់អតិថិជនបច្ចុប្បន្ន ស្របពេលដែលធនាគារក៏មានគោលបំណងទាក់ទាញអតិថិជនថ្មីៗដែលមានសក្តានុពលផងដែរ។
ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្ស និងក្នុងនាមជាអ្នកដឹកនាំក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ម៉ាស្ទ័រកាត និងវីសា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅតាមហាងទំនិញ និងពាណិជ្ជកររាប់លាននាក់នៅទូទាំងពិភពលោក ដែលក្នុងនោះអតិថិជនអាចធ្វើការទូទាត់ប្រាក់បានយ៉ាងងាយស្រួលក្នុងកំឡុងពេលធ្វើដំណើររបស់គេ។ បន្ថែមពីលើភាពងាយស្រួល ម្ចាស់ប័ណ្ណក៏អាចរីករាយជាមួយនឹងការទូទាត់ដោយមានភាពជឿជាក់ លើមុខងារសុវត្ថិភាព Contactless ដែលបានបង្កប់ដោយបច្ចេកវិទ្យាទំនើប អនុញ្ញាតឱ្យការបញ្ជាទិញប្រចាំថ្ងៃមានភាពរហ័ស និងសុវត្ថិភាពដោយគ្រាន់តែធ្វើការប៉ះដើម្បីទូទាត់ នៅតាមបណ្តាហាងដែលមាននិមិត្តសញ្ញា Contactless ។ ម្ចាស់ប័ណ្ណក៏អាចទទួលបាននូវឯកសិទ្ធិពិសេស ដូចជាការផ្តល់ជូនពិសេសពីដៃគូសហការរបស់ធនាគារ ព្រីនស៍នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍បានមានប្រសាសន៍ថា “ ធនាគារ ព្រីនស៍ គឺជាធនាគារដំបូងនៅក្នុងប្រទេសកម្ពុជាដែលដាក់ឱ្យដំណើរការនូវ ប័ណ្ណឥណពន្ធ/ឥណទានម៉ាស្ទ័រកាត និងប័ណ្ណឥណពន្ធ/ឥណទានវីសា ក្នុងរយៈពេលតិចជាង២ឆ្នាំ បន្ទាប់ពីបានក្លាយខ្លួនជាធនាគារពាណិជ្ជពេញលេញ។ យើងព្យាយាមជានិច្ច ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដែលធ្វើឱ្យបទពិសោធន៍ធនាគាររបស់អតិថិជនកាន់តែមានភាពរលូន និងងាយស្រួល ដោយផ្តល់ជូនប័ណ្ណឥណពន្ធ និងឥណទាន ទៅតាមប្រភេទផ្សេងៗគ្នាដូចជា ប្រភេទ Standard /Classic និងប្រភេទ Platinum។ ជម្រើសទាំងនេះអនុញ្ញាតឱ្យអតិថិជនធ្វើការជ្រើសរើសផលិតផលដែលស័ក្តសមទៅនឹងតម្រូវការ និងគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ រាល់ប័ណ្ណឥណពន្ធ និង ឥណទានដែលចេញដោយធនាគារ ព្រីនស៍ នឹងផ្តល់ជូនអតិថិជននូវផាសុកភាពនៃការទិញទំនិញប្រកបដោយសុវត្ថិភាពពីបណ្តាញទូទាត់ដ៏ធំបំផុតនៅលើពិភពលោក។”
ធនាគារ ព្រីនស៍ មានគោលបំណងបង្កើនបណ្តាញទូទាត់ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ ប័ណ្ណឥណពន្ធ / ឥណទានសម្រាប់ការទិញទំនិញតាមរយៈការសហការជាមួយដៃគូជាសកលដូចជា ម៉ាស្ទ័រកាត និងវីសានេះផងដែរ។ លើសពីនេះអតិថិជនអាចប្រើប្រាស់ប័ណ្ណរបស់ពួកគេដើម្បីទូទាត់លើថ្លៃទំនិញ និងសេវាកម្មជាង រាប់ពាន់កន្លែងនៅទូទាំងប្រទេស ហើយប្រមាណជាង ៤៦លានកន្លែងនៅទូទាំងពិភពលោកដែលមានស្លាកសញ្ញាម៉ាស្ទ័រកាត និងវីសា។
ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយណាស់ក្នុងការសហការជាមួយម៉ាស្ទ័រកាត និងវីសាក្នុងការផ្តល់នូវការទូទាត់គ្មានសាច់ប្រាក់ ដែលស្របទៅនឹងគោលដៅរបស់យើងក្នុងការក្លាយជា“ធនាគារឌីជីថលដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា”។ នៅក្នុងនោះផងដែរ ធនាគារក៏បានដាក់ចេញនូវកម្មវិធីផ្តល់ជូនពិសេសចំនួន២ទៅម្ចាស់ប័ណ្ណ គឺការបញ្ចុះតម្លៃរហូតដល់៥០%រៀងរាល់ថ្ងៃ លើសំបុត្រកុនប្រភេទ 2D/3D/VIP នៅរោងភាពយន្ត Major Cineplex និងការទទួលបានប្រាក់ត្រឡប់ដោយការទូទាត់តាមរយៈប័ណ្ណម៉ាស្ទ័រកាត។
ការផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់៥០% លើគ្រប់សំបុត្រកុនប្រភេទ 2D / 3D / VIP នៅរោងភាពយន្ត Major Cineplex គ្រប់សាខានេះ អនុវត្តចំពោះប័ណ្ណម៉ាស្ទ័រកាត និងវីសាគ្រប់ប្រភេទដោយគ្រាន់តែធ្វើការទូទាត់តាមរយៈប័ណ្ណទាំងនេះ។
ចំណែកឯកម្មវិធីទទួលបានប្រាក់ត្រឡប់ដោយការទូទាត់តាមរយៈប័ណ្ណម៉ាស្ទ័រកាត គឺជាកម្មវិធីពិសេសមួយ ដែលអនុញ្ញាតឱ្យម្ចាស់ប័ណ្ណម៉ាស្ទ័រកាតគ្រប់ប្រភេទ អាចទទួលបានប្រាក់ត្រឡប់១ដុល្លារ លើរាល់ការចំណាយចាប់ពី១០ដុល្លារ ឬច្រើនជាងនេះក្នុងមួយវិក្កយបត្រ ហើយអាចទូទាត់តាមរយៈ ម៉ាស៊ីនឆូតកាត ឬតាមប្រព័ន្ធ E-commerce។ ប្រាក់ត្រឡប់នេះផងដែរ នឹងត្រូវធ្វើការបញ្ចូលទៅក្នុងគណនីរបស់អតិថិជននៅរៀងរាល់សប្តាហ៍ទី១នៃខែបន្ទាប់។
លោកហ៊ន់ សុរចនា បានបន្ថែមទៀតថា “នៅពេលថ្មីៗនេះផងដែរ ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ជា ធនាគារពាណិជ្ជឆ្នើម ប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០២០ ពីស្ថាប័នអន្តរជាតិ International Banker។ ដោយមើលឃើញធនាគារ ព្រីនស៍ ជាស្ថាប័នក្នុងស្រុកដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ក៏ដូចជាការអភិវឌ្ឍន៍របស់បុគ្គលិកធនាគារ ខ្ញុំមានភាពសប្បាយរីករាយជាអនេក ក្នុងនាមជាប្រធាននាយកប្រតិបត្តិនៃធនាគារមួយនេះ ហើយខ្ញុំពិតជាមានមោទនភាពចំពោះធនាគារ ព្រីនស៍ណាស់ ដែលក្លាយជាធនាគារឌីជីថលដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលដ៏ខ្លីនេះ។”
សម្រាប់ការស្នើប័ណ្ណឥណទាន/ឥណពន្ធ ម៉ាស្ទ័រកាត និងវីសា អតិថិជនអាចធ្វើការស្នើតាមរយៈសាខាធនាគារព្រីនស៍ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈ Prince Bank App ដែលមាននៅលើ App Store និង Play Store។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង ៖ www.princebank.com.kh ឬទាក់ទងមកកាន់លេខ 1800-20-8888 (មិនគិតថ្លៃ)។