អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីណែនាំ ស្តីពីការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញជាអ្នកជាប់ពន្ធតូច។
យោងតាមសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេច ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មាន កាសែត និងសារព័ត៌មានអនឡាញដែលបាននិងកំពុងធ្វើសកម្មភាពអាជីវកម្មសារព័ត៌មាន ដោយផ្សព្វផ្សាយតាមកាសែត ឬ អនឡាញដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ជាអ្នកជាប់ពន្ធតូច។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំការអនុវត្ត វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ ដូចខាងក្រោម៖
១- ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដល់អ្នកសារព័ត៌មានកាសែត និង សារព័ត៌មានអនឡាញដែលបានចុះបញ្ជីពន្ធដារជោគជ័យជាអ្នកជាប់ពន្ធតូច ដែលបាននិងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលទទួលបានការលើកលែងនេះ ត្រូវធ្វើការប្រកាសពន្ធប៉ាតង់ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ ប៉ុន្តែពុំតម្រូវឱ្យបង់ប្រាក់ពន្ធប៉ាតង់នៅក្នុងអំឡុងពេលនៃការលើកលែងនេះទេ។
២- ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារនេះ អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញដែលបាន និងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាព្វកិច្ចសារពើពន្ធដូចខាងក្រោម៖
– ចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
– កត់ត្រា និងកាន់កាប់បញ្ជីកាគណនេយ្យឱ្យបានត្រឹមត្រូវ
– ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន
– បំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀត។
សូមអានសេចក្ដីណែនាំលម្អិតនៅខាងក្រោម៖