សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី អាចធ្លាក់ចុះច្រើនជាងការរំពឹងទុក ប្រសិនបើជំងឺរាតត្បាត Covid-19 នៅតែមិនអាចគ្រប់គ្រងបាន ព្រោះថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ ប្រឈមមុខនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចមិនប្រាកដប្រជា នេះបើយោងតាមធនាគារពិភពលោក (WB)។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ WB បានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែកញ្ញា បានបង្ហាញថា សេដ្ឋកិច្ចឥណ្ឌូនេស៊ីនឹងធ្លាក់ចុះ ១.៦% នៅឆ្នាំនេះ ក្រោមសេណារីយ៉ូមូលដ្ឋាន។ នៅក្នុងខែមិថុនា WB បានព្យាករណ៍ថា សេដ្ឋកិច្ចឥណ្ឌូនេស៊ីនឹងមានកំណើនស្មើសូន្យ។ ទោះយ៉ាងណា សេដ្ឋកិច្ចអាចធ្លាក់ចុះ ២% ប្រសិនបើប្រទេសនេះមិនបានគ្រប់គ្រងជំងឺរាតត្បាតបាន។

ទន្ទឹមនឹងនេះ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានប្រសាសន៍ថា « ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ចំពោះការស្តារសេដ្ឋកិច្ចឡើងវិញនឹងមានភាពយឺតយ៉ាវជាងនេះ ពីព្រោះពួកគេមិនបានទទួលជោគជ័យក្នុងការគ្រប់គ្រងជំងឺនេះទេ »។ លោកបានបន្តថា គេរំពឹងថាសេដ្ឋកិច្ចឥណ្ឌូនេស៊ីនឹងងើបឡើងវិញនៅឆ្នាំក្រោយ ជាមួយនឹងកំណើនចន្លោះពី ៣% ទៅ ៤.៤% ។

លោក Febrio Kacaribu ប្រធានការិយាល័យគោលនយោបាយសារពើពន្ធនៃក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីបានថ្លែងថា ជាទូទៅការព្យាករណ៍របស់ធនាគារពិភពលោក នៅតែស្របនឹងការវាយតំលៃចុងក្រោយរបស់រដ្ឋាភិបាលដែលប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងស្ថិតក្នុងចន្លោះពី -១.៧% ទៅ -០.៦% ៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


