ស្រីលង្កា លុបចោលគម្រោងផ្លូវដែកធុនស្រាលដែលផ្តល់ហិរញ្ញប្បទានដោយជប៉ុន
សេដ្ឋកិច្ច September 30, 2020 Chan Sreyny

រដ្ឋាភិបាលស្រីលង្កាបានលុបចោលគម្រោងផ្លូវដែកធុនស្រាលដែលត្រូវបានសាងសង់ដោយមានជំនួយហិរញ្ញវត្ថុរបស់ជប៉ុននៅក្នុងទីក្រុងកូឡុំបូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី៣០ ខែកញ្ញានេះ។

ប្រភពដដែ​លបានឲ្យដឹងថា ហេតុផលដែលបានធ្វើឲ្ស្រីលង្កាបានលុបចោលគម្រោងនេះ គឺដោយសារផ្ទះ និងកន្លែងធ្វើជំនួញជាច្រើននឹងត្រូវបំផ្លាញក្នុងកំឡុងពេលសាងសង់ តំបន់ដីសើមសំខាន់ៗនឹងត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរការចំណាយលើការសាងសង់ផ្លូវឡើងភ្នំនឹងមានទំហំធំធេង ហើយថ្លៃដើមប្រតិបត្តិការហួសកំរិត។

គួរឲ្យដឹងផងដែរថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីសម្បទានជាមួយប្រទេសស្រីលង្កាក្នុងទឹកប្រាក់ប្រមាណ ៣០ ពាន់លានយ៉េន (ប្រហែល ២៨៤ លានដុល្លារ) កាលពីខែមីនា ឆ្នាំមុន សម្រាប់ប្រព័ន្ធផ្លូវដែកធុនស្រាលដែលការចំណាយសរុបនឹងមានប្រមាណ ២​.៣ ពាន់លានដុល្លារអារមេរិក។

អ្នកនាំពាក្យ​គណៈរដ្ឋមន្រ្តីលោក Keheliya Rambukwella បាន​ប្រាប់អ្នកយកព័ត៌មានថា៖ « ឥឡូវនេះយើងកំពុងតែគិតអំពីគម្រោងដែលមានប្រសិទ្ធភាពជាងនេះ ដែលអាចទទួលបានលទ្ធផលដូចគ្នា ប៉ុន្តែក្នុងរង្វង់ទឹកប្រាក់ ៥០០ លានដុល្លារ ហើយយើងជឿជាក់ថាយើងអាចធ្វើបាន ហើយនឹងទទួលបានជោគជ័យ​»។

យ៉ាងណាមិញយោងតាម ​​JICA ផែនការនេះ គឺដើម្បីសាងសង់ផ្លូវដែកប្រវែង ១៦ គីឡូម៉ែត្រមានស្ថានីយ៍ចំនួន ១៦ ដែលមានគោលបំណងលុបបំបាត់ការកកស្ទះចរាចរណ៍នៅកូឡុំបូ។ ជាមួយគ្នានេះនៅស្រីលង្កា ប្រទេសចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួន តាមរយៈការគាំទ្រដល់គម្រោងអភិវឌ្ឍន៍កំពង់ផែក្រោមគំនិតផ្តួចផ្តើម“ ខ្សែក្រវាត់មួយផ្លូវមួយ” ។ ខណៈប្រទេសជប៉ុនក៏បានផ្តោតលើការគាំទ្រដល់គម្រោងកំពង់ផែដែរ ប៉ុន្តែត្រូវរារាំងដោយប្រទេសចិន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost