ការងារនៅអាមេរិក នឹងមិនងើបឡើងវិញដូចកម្រិតមុនពេលមានជំងឺ Covid-19 នោះទេរហូតដល់ឆ្នាំ ២០២៣
សេដ្ឋកិច្ច September 30, 2020 Chan Sreyny

ខណៈពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុក បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២ ការងារសហរដ្ឋអាមេរិកប្រហែលជានឹងមិនងើបឡើងវិញដល់កម្រិតមុនពេលមានជំងឺរាតត្បាត Covid-19 ឡើយរហូតដល់ឆ្នាំ ២០២៣ ។

លោក Patrick Harker ប្រធាន Philadelphia ធនាគារបម្រុងសហព័ន្ធបាននិយាយថា « សេណារីយ៉ូនៃកំណើនជាបន្ត ដែលខ្ញុំបានបង្ហាញគឺអាស្រ័យលើការធ្លាក់ចុះនៃអត្រាឆ្លងជំងឺ Covid-19 ថ្មីដែលអាចបណ្តាលមកពីការពាក់ម៉ាស់ជាសកល ជាពិសេសគឺការស្នាក់នៅក្នុងផ្ទះ »។

លោកបន្តថា « យើងក៏សន្មតថា​ វ៉ាក់សាំងនឹងអាចត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅពាក់កណ្តាលឆ្នាំក្រោយ។ ប៉ុន្តែ ជំងឺ Covid-19 បានបង្រៀនឱ្យពិភពលោកទទួលបានការឈឺចុកចាប់ និងពិបាកក្នុងការគ្រប់គ្រងណាស់ »។

លោក Harker បានកត់សម្គាល់ថា ទោះបីជាការងើបឡើងវិញនៅតែបន្ តនិងការកើនឡើងនូវករណីឆ្លងថ្មីក៏ដោយ ផ្នែកជាច្រើនដូចជា៖ ទេសចរណ៍ និងបដិសណ្ឋារកិច្ចនឹងចំណាយពេលយូរក្នុងការងើបឡើងវិញ ហើយបង្ហាញពីការអូសទាញជាទូទៅ ទៅលើផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក និងកំណើនការងារ។

លោកបាននិយាយថា « ជាអកុសល ការងារប្រហែលជាមិនវិលត្រឡប់ ទៅរកកម្រិតមុនពេលមានជំងឺរាតត្បាតទេរហូតដល់ឆ្នាំ ២០២៣ »។ លោកបានបន្ថែមថា « ដោយសារតែប្រទេសរបស់យើង មិនអាចគ្រប់គ្រងជំងឺ Covid-19 បាន ដោយយើងបានរងគ្រោះប្រហែលជា ២១% នៃការស្លាប់ទូទាំងពិភពលោក »៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet